ក្រសួងបរិស្ថាន-ក្រសួងកសិកម្ម៖ កិច្ចសហប្រតិបត្តិល្អជាមួយអង្គការ WCS​ បាននាំមកនូវកិច្ចអភិរក្សធនធានធម្មជាតិ និងជលផល

ភ្នំពេញ៖តាមរយៈភាពជាដៃគូសហការរវាងក្រសួងបរិស្ថាន និង ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអង្គការ សមាគមអភិរក្សសត្វ​ព្រៃកម្ពុជា(WCS)បានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើនពិសេសការអភិរក្សធនធានធម្មជាតិ ការការពារសត្វព្រៃ ការអភិរក្សជល​ផលជាដើម។

កាលពីចុងសប្ដាហ៍កន្លងទៅអង្គការ WCS ប្រចាំកម្ពុជាប្រារព្ធខួប​២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើនិងធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។លោក រ៉ូបឺត មេនហ្សី (Robert Menzi)​ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានថ្លែងក្នុងពិធីនេះថា រយៈពេល២៥ឆ្នាំនេះWCS បានចូលរួមជា​ដៃគូអភិវឌ្ឍន៍សហការជាមួយក្រសួង បរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ។អង្គការបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការ ដែលគាំទ្រគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រង​ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះដើម្បីចូលរួមចំណែក​ការពារ​ប្រព័ន្ធអេកូឡូស៊ីតំបន់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានកត់​សម្គាល់​លើភាពជាដៃគូរវាងក្រសួងបរិស្ថានជាមួយអង្គការ សមាគម​អភិរក្សសត្វព្រៃសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ។ភាពជាដៃគូនេះ​ បានឆ្លុះបញ្ចាំងពីភាពជោគ​ជ័យនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធាន​ធម្មជាតិ និងបរិស្ថាននៅកម្ពុជា។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្ដ្រីនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាក្រសួង កសិកម្ម​បានសហការជាមួយអង្គការ WCS ចាប់តាំងពីឆ្នាំ២០០០​មកនៅក្នុងអនុវិស័យសំខាន់ចំនួន២គឺអនុវិស័យព្រៃឈើ និងជលផល។ក្នុងនេះអនុផលព្រៃឈើចាប់ពីឆ្នាំ២០០០ដល់២០១៦ ។
ក្រសួងកសិកម្មបានចាប់ផ្តើមសហការជាមួយ អង្គការ WCSដោយ​ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវព្រៃឈើ និងសត្វព្រៃដើម្បី បង្កើតតំបន់​ព្រៃការពារ ដែលជាលទ្ធផលតំបន់ព្រៃឈើ ១៥កន្លែង ក្នុងប្រទេស​កម្ពុជាត្រូវបានបង្កើតឡើង ដើម្បីការពារនិង អភិរក្ស ក្នុងនេះដូចជា​ព្រៃការពារជីវចម្រុះកែវសីមា ព្រៃការពារព្រះវិហារ ព្រៃការពារជួរភ្នំ​ក្រវាញ គម្រោងអភិរក្សអណ្តើកហ្លួង ខេត្តកោះកុងនិង​គម្រោងអភិរក្ស​សត្វខ្សឹបខេត្តកំពង់ធំជាដើម។តាមរយៈកិច្ចការពារតំបន់ការពារទាំង​នេះបានលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន តាមរយៈរួម​ចំណែកការពារធនធានធម្មជាតិដោយផ្ទាល់ ។ក្នុងនេះដូចជាការពារ​សំបុកការពាសត្វ ស្លាបមានដូចជា សត្វក្រៀល ត្រដក់ ខ្សឹប និងសត្វ​ផ្សេងៗ​ទៀត។ក្រៅពីនេះកម្មវិធី ស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ​ដែលបាន បង្កើតឡើងក្នុងឆ្នាំ២០០៩រហូតមកដល់ពេល​បច្ចុប្បន្ន​គឺជាកម្មវិធីមួយដ៏ល្អដែលជួយលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋានផងផ្សារភ្ជាប់អភិរក្សផង និងការកសាងសមត្ថភាព របស់ភាគី​ពាក់ព័ន្ធក្នុងការអភិរក្ស ការពង្រឹងការអនុវត្ត ច្បាប់ ការគ្រប់គ្រង​ការអភិរក្សសត្វព្រៃតំបន់សំខាន់ៗជាដើម។

មន្រ្តីអ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងនេះការអភិរក្សអនុវិស័យ​ជលផលវិញ រវាងក្រសួងកសិកម្ម និង អង្គការ WCSនិងរដ្ឋបាល​ជលផល បានស្រាវជ្រាវ និងរកឃើញ អណ្តើកហ្លួង​ជាលើកដំបូងនៅឆ្នាំ ២០០០និងក្រពើត្រីក្នុងប្រព័ន្ធ ព្រែកស្រៃអំបិលនៃខេត្តកោះកុង និងខេត្តព្រះសហនុជាដើម។ចំណែកសកម្មភាពនៅតាមដង​ទន្លេមេគង្គវិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុង​បន្តសហការជាមួយអង្គការ WCSដើម្បីអភិរក្សធនធានជល​ផលសំខាន់ៗជាពិសេ សត្វកន្ធាយក្បាលកង្កែប ត្រីបបែលទឹកសាប ដែលបច្ចុប្បន្នយើងបានការពារសំបុកភ្ញាស់ និងលែងកូនកន្ធាយ​ក្បាលកង្កែប ជាង៦ពាន់ក្បាល ចូលទៅជម្រកតាមដងទន្លេមេគង្គង នៅខេត្តក្រចេះ និងខត្តស្ទឹងត្រែង។

គួរបញ្ជាក់ថាក្នុងរយៈពេល២៥ឆ្នាំនៃសតវត្សចុងក្រោយនេះ អង្គការ WCS បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើ​ទំហំ​ដីជាងមួយលានហិកតា។តំបន់ទាំងនេះជាទីជម្រកធម្មជាតិសម្រាប់​សត្វដែលជានិមិត្តសញ្ញាជាតិដូចជាសត្វត្រយ៉ងយក្សសត្វអណ្តើកហ្លួងនិងសត្វត្រយងចង្កំកសដែលត្រូវបានរកឃើញឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងដែល ដឹកនាំដោយអង្គការWCSនិងត្រូវបានជំរុញឱ្យ​មានការការពារសារជាថ្មីនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅខេត្តកោះកុងនិងខេត្តព្រះវិហារ៕
ដោយ៖ម៉ាដេប៉ូ,រូបភាព៖ សែមបូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner