មន្រ្តីកសិកម្មខេត្តស្ទឹងត្រែង ជំរុញកសិករឱ្យរួមគ្នាបង្កើនការដាំដុះបន្លែសរីរាង្គឱ្យបានច្រើន
ស្ទឹងត្រែង៖ ខណៈបន្លែសរីរាង្គមានទីផ្សារល្អ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានជំរុញកសិករចូលរួមបង្កើនការដាំដុះបន្លែសរីរាង្គដែលមានលក្ខណៈចម្រុះ ដើម្បីឆ្លើយតបតាមការបញ្ជាទិញនិងជៀស វាងកាត់បន្ថយការដាំដុះបន្លែប្រភេទដូចគ្នានាំឱ្យកកស្ទះពេលនាំយកទៅកាន់ទីផ្សារ និងមានការទម្លាក់ តម្លៃពីឈ្មួញកណ្តាល។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅថា ថ្មីៗនេះលោកនិងមន្ត្រីជំនាញបានចុះទៅកោះខេ នៃភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីពិនិត្យគុណភាព និងផ្តល់គន្លឹះបែបផ្លាស់ប្ដូរវិធីដាំដុះបន្លែ ដែលត្រូវនាំចេញទៅកាន់ទីផ្សារ។ លោកថា នៅទីផ្សារស្ទឹងត្រែងបច្ចុប្បន្នបន្លែមួយ ចំនួនកសិករនៅក្នុងខេត្តផលិតមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ។ហេតុដូច្នេះអាជីវករចាំបាច់ត្រូវទទួលយកបន្លែនាំចូលពីបណ្តាខេត្តផ្សេងៗ និងប្រទេសជិតខាងក៏មាន។
លោក ទុំ នីរ៉ូ បានបន្តថា ជាការសង្កេតកសិករ អនុវត្តបច្ចេកទេសដាំដុះតាមការណែនាំបានច្រើន តែមិនទាន់បានគិតពីការ បញ្ជាទិញរបស់ឈ្មួញ ។ភាគច្រើនកសិករដាំបន្លែដូចៗគ្នា ពេលនាំចេញទៅកាន់ទីផ្សារត្រូវឈ្មួញបន្ទាបថ្លៃ ។ជាទូទៅមន្ទីរ កសិកម្មខេត្តបានធ្វើការផ្សព្វផ្សាយក៏ដូចជាការបណ្ដុះបណ្ដាលធ្វើយ៉ាងណាឱ្យកសិករផលិតដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងដំណាំដែលមានទីផ្សារ ជាជាងការដាំដុះដំណាំយកទៅកាន់ទីផ្សារពុំសូវមានតម្រូវការដែលប្រឈមខាតបង់លើការ ចំណាយថវិកា និងពេលវេលា ។
កសិករដាំបន្លែនៅកោះខេ លោក ហ្វយ ប៊ុនវី បាននិយាយថា កសិករយើងបានព្យាយាមធ្វើការតាមដាន និងមានដៃគូ ប្រមូលទិញ តែនៅមិនទាន់ទៀងទាត់ទេ ។លោកថា កត្តានេះបានធ្វើឱ្យកសិករមួយចំនួនបោះបង់ការដាំដុះបន្លែ ហើយងាកទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅឆ្ងាយពីស្រុក។
កសិករដាំបន្លែម្រះ លោកស្រី ញ៉ូ សុខន បានទទួលស្គាល់ថា បច្ចុប្បន្នពួកគាត់បានព្យាយាមដាំបន្លែណាដែលមានទីផ្សារ បញ្ជាទិញប៉ុណ្ណោះ តែបន្លែមួយចំនួនក៏ត្រូវកកស្ទះដោយសារអ្នកបញ្ជាទិញ យកទៅលក់បន្តឱ្យតម្លៃទាប ដូចជា ត្រសក់ សណ្តែកកួរ ម្រះ និងស្ពៃ ជាដើម។ បញ្ហានេះធ្វើឱ្យកសិករបាក់ទឹកចិត្តនិងខាតបង់កម្លាំងពលកម្ម ។
សូមជម្រាបថា នៅខេត្តស្ទឹងត្រែងកសិករដាំដុះបានភាគច្រើនមានដូចជា ម្រះ សណ្តែកកួរ ននោង ត្រឡាច ត្រប់ ត្រសក់ ប៉េងប៉ោះ ម្ទេសប្លោក ពោត ល្ហុង សាឡាត់ ស្ពៃ ខ្ទឹម ស្លឹកគ្រៃ ក្រកួន កញ្ឆែត និងខាត់ណាជាដើម។ ដោយឡែកមើមឆាយថាវ មើមការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប មើមត្រាវ ភាគច្រើននៅមានការនាំចូលពីប្រទេសជិតខាងនៅឡើយ៕
ដោយ៖ឡុង សំបូរ