មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារីដឹកនាំប្រតិភូមេគង្គ-ឡានឆាងទស្សនកិច្ចសិក្សាគម្រោងសាងសង់អណ្តូងទឹកនៅស្រុកអង្គរជ័យ
កំពត៖លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានដឹកនាំប្រតិភូតំណាងប្រទេសសមាជិកមេគង្គ-ឡានឆាង មានប្រទេសចិន ថៃ និងឡាវ ធ្វើទស្យនកិច្ចសិក្សាគម្រោងសាងសង់អណ្តូងទឹកបំពាក់ដោយប្រព័ន្ធសូឡាបូមទឹកដោយស្វ័យប្រវត្តិចំនួន៦អណ្តូង ស្ថិតនៅឃុំភ្នំកុង ស្រុកអង្គរជ័យខេត្តកំពត។គណៈប្រតិភូក៏បានស្វែងយល់អំពីស្ថានភាពទូទៅនៅទីនោះផងដែរ។
ក្នុងដំណើរទស្សនកិច្ចកាលពីចុងសប្ដាហ៍កន្លងទៅនេះ គណៈប្រតិភូបានស្តាប់របាយការណ៍របស់លោក មួង នឿនអភិបាល ស្រុកអង្គរជ័យ។លោកអភិបាលស្រុកបានជម្រាបគណៈប្រតិភូថា គម្រោងសាងសង់អណ្តូងទឹកទាំង៦កន្លែងដែលផ្តល់ តាមរយៈមូលនិធិពិសេសនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) របស់រដ្ឋាភិបាលចិនបានចូលរួមលើកកម្ពស់ ការប្រើប្រាស់សេវាទឹកស្អាតក្នុងស្រុក ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋស្រុកអង្គរជ័យមានទឹកស្អាតប្រើប្រាស់(ទឹកម៉ាស៊ីន) ក្នុងរង្វង់ប្រមាណជាង១០ភាគរយ។ស្រុកពិតជាត្រូវការចាំបាច់គម្រោងទ្រទ្រង់ទឹកស្អាតនេះបន្ថែមទៀតព្រោះវាបានជួយ បន្ធូរបន្ថយបន្ទុករបស់ស្រីមេផ្ទះ កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងអាចបង្កើនប្រាក់ចំណូលបន្ថែម តាមរយៈការដាំបន្លែផ្សេងៗ សម្រាប់ទទួលទាន និងសល់សម្រាប់លក់។
បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អាជ្ញាធរ និងប្រជាពលរដ្ឋដែលទទួលបានផលផ្ទាល់ពីគម្រោង លោកជំទាវ ស៊ីវណ្ណ បុទុម បានស្នើដល់ប្រតិភូ ពិសេសលោកស្រីតំណាងមូលនិធិពិសេសនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC)របស់រដ្ឋាភិ បាលចិនសូមជួយស្វែងរកលទ្ធភាពបន្តគម្រោងសាងសង់អណ្តូងទឹកបំពាក់ដោយប្រព័ន្ធសូឡាបូមទឹកដោយស្វ័យប្រវត្តិបន្ថែមទៀត ព្រោះគម្រោងនេះពិតជាបានជួយដល់ស្ត្រីក្រីក្ររស់នៅតាមទីជនបទ៕
ដោយ ៖សិលា សារិន