សន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៩ នៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម សាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខា​ធិការ​និងជាតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រី ក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើក​សន្និសីទ​អន្តរជាតិគន្ធបុប្ផាលើកទី៩ នៅខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

សន្និសីទអន្តរជាតិនេះក៏មានចូលរួមពីលោកសាស្ត្រាចារ្យ ហ្វីលីព រ៉ូប៊ីនសុន(Philip Robinson) ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ ម៉ៃឃើល ហ្រ្គូជឺ( Michael Grotzer) អនុប្រធានមូលនិធិគន្ធបុប្ផាស្វីស,ថ្នាក់ដឹកនាំខេត្ត, ថ្នាក់ដឹកនាំ​មន្ទីរពេទ្យគន្ធបុប្ផា និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ។

ក្នុងសន្និសីទអន្តរជាតិបានបង្ហាញនូវមេរៀនបទពិសោធន៍ អំពីបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងការថែទាំព្យាបាលកុមារ​និង​ស្ត្រីមាន ផ្ទៃពោះដែលមានបញ្ហាមុននិងក្រោយសម្រាល,​ជំងឺមហារីកកុមារដូចជា មហារីកគ្រាប់ឈាមស ,មហារីកខួរ​ក្បាល, មហារីកឆ្អឹង និងមហារីកដុំសាច់ផ្សេងៗទៀត, ជំងឺគ្រុន​ឈាមធ្ងន់ធ្ងរ ,ជំងឺរលាកសសៃឈាម ,ការព្យាបាលជំងឺវះ​កាត់ដោយបច្ចេកទេស ,ការវះកាត់ជំងឺវៀចឆ្អឹងខ្នងពី​កំណើត​,ការព្យាបាលប្រព័ន្ធទឹកមូត្រត្បៀត  ,ការព្យាបាលជំងឺដុំសសៃរ​ឈាម,ការមើលថែទាំ កុមារដែលមានផលវិបាកលើប្រព័ន្ធ​ប្រសាទក្រោយពីជាសះស្បើយជំងឺ និងក្រោយគ្រោះថ្នាក់ក្បាល​ធ្ងន់ធ្ងរ,ការព្យាបាលកុមារ ដែលមានបញ្ហាផ្លូវចិត្ត  ,ការថែទាំ និងសង្រ្គោះទារកក្នុងបន្ទប់សង្រ្គោះបន្ទាន់  ,ជំងឺស្វាយលើម្តាយ និងទារក ។ល។

តាមរយៈបទបង្ហាញទាំងនេះបានដកស្រង់ចេញពីការថែទាំព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងនៅមន្ទីរ​ពេទ្យកុមារប្រទេសស្វីស ដែលជាបច្ចុប្បន្នភាពនៃបច្ចេកទេស​ផ្នែកសល្យសាស្ត្រកុមារ។

ក្នុងឱកាសនេះឯកឧត្តម យីត ស៊ុនណារ៉ា មានប្រសាសន៍ថា សន្និសីទនៅថ្ងៃនេះគឺជាការពង្រឹងនូវសមត្ថភាពរបស់អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ពិសេសមន្ទីរពេទ្យផ្នែកកុមារ ដែលអាច​ផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗ ដែលទាក់ទងនឹងជំងឺកុមារ ដែលបង្ហាញដោយវេជ្ជបណ្ឌិតឯកទេសកុមារ ដែលមានបទ​ពិសោធន៍ច្រើនឆ្នាំមកពីប្រទេសស្វីស។ ម្យ៉ាងទៀតនេះគឺជាថ្ងៃ​គម្រប់៣២ឆ្នាំនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ឯកឧត្តមក៏បានរំលឹកនូវការលះបង់ដ៏ធំធេង ជួយសង្រ្គោះជីវិត​កុមារកម្ពុជាកន្លងមករបស់លោកវេជ្ជបណ្ឌិត ប៊ីអាត រិចនើនិង សហការី ដែលជាស្ថាបនិកមន្ទីរពេទ្យពីឆ្នាំ ១៩៩២។មកដល់​សព្វថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាមាន៥ទីតាំង ដែលមានគ្រែសរុប ២ ២៦៥គ្រែ និងមានបុគ្គលិកសរុប ២ ៦៨១នាក់ ដែលកំពុងបម្រើ​ការងារ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner