គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យនឹងបញ្ចប់នៅដើមឆ្នាំ២០២៦

បន្ទាយមានជ័យ៖មន្រ្តីជំនាញនៃខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិត មកដល់បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់ បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ ៦០ភាគរយខណៈគម្រោងនឹងបញ្ចប់នៅដើម ឆ្នាំ២០២៦ ខាងមុខ។

លោក យឹម ប៊ុនរ៉ុម  ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត​បន្ទាយមានជ័យបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារា សាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ បានអនុវត្តចាប់ពីឆ្នាំ​២០២១។ រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោង​សម្រេច​បាន​៦០ភាគរយ ហើយនឹងបញ្ចប់នៅដើមឆ្នាំ២០២៦ ។សេចក្តីរាយការណ៍​ពីលទ្ធផលនៃការដ្ឋាននេះ ក្នុងឱកាសក្រុមការងារទីប្រឹក្សាបច្ចេកទេស​កូរ៉េ​និងក្រុមការងារបច្ចេកទេសក្រសួងធនធានទឹកនិងឧតុនិយម​ចុះ​ពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តកាលពីសប្ដាហ៍មុន។

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម  និងជានាយកគម្រោងបានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារា​សាស្ត្រ​និងកាត់បន្ថយទឹកជំនន់ដែលកំពុងអនុវត្តនាពេល​នេះ ​មាន​អាងទឹកចំនួនបីកន្លែង  និងប្រឡាយមេ៦ខ្សែ ប្រវែង៩២គីឡូម៉ែត្រ​រួមទាំង សំណង់សិល្បការ្យមួយចំនួន ។គម្រោងគ្របដណ្ដប់​លើ​ភូមិសាស្រ្ត៤ក្រុង ស្រុក រួមមាន ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ  ក្រុង​ប៉ោយប៉ែត  និងក្រុងសិរីសោភ័ណ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តដ៏ធំមានតម្លៃរាប់លានដុល្លារនឹងផ្ដល់ផលប្រយោជន៍ច្រើនឥតគណនាដល់ប្រជាពលរដ្ឋពិសេសប្រជាកសិករ។ គម្រោង នឹងជួយរំដោះទឹកជំនន់រដូវវស្សានិង ស្តុកទឹកទុក​ប្រើ​ប្រាស់ ក៏ដូចផ្ដល់ទឹកសម្រាប់ផលិតទឹកស្អាតរួម ទាំងផ្ដល់ទឹក​សម្រាប់​ស្រោចស្រពដំណាំកសិកម្ម។មិនតែប៉ុណ្ណោះគម្រោង​មួយនេះ ក៏ផ្ដល់​សក្ដានុពល ដល់វិស័យទេសចរណ៍ និងគមនាគមន៍ផងដែរ ៕
     អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner