ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គល និងបក្សពួកដែលក្លែងបន្លំជាថ្នាក់ដឹកនាំក្រសួងបរិស្ថានឃោសនាបង្កាច់បង្អួច នាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាព​ទាំងអស់​ចំណុះឱ្យក្រសួងបរិស្ថាន និងគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំង​ប្រទេស បានធ្វើការបដិសេធ និងថ្កោលទោស ចំពោះបុគ្គល និងបក្សពួក ដែលបានក្លែងបន្លំខ្លួនជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងបានធ្វើការឃោសនា​បង្កាច់បង្អួចភូតកុហកនាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់​ដឹកនាំក្រសួងបរិស្ថាន។

តាមរយៈលិខិតរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ព័ត៌មានក្លែង​បន្លំ​ខាងលើនេះត្រូវបានផ្សាយបន្តដោយបណ្តាញសង្គមមួយចំនួន​តូចផ្សេង​ទៀត ដែលមានចេតនាឃោសនាញុះញង់ សំដៅបង្កើតឱ្យមានអស្ថិរភាព​ក្នុងសង្គម បម្រើឱ្យក្រុមជ្រុលនិយម ដែលកំពុងអនុវត្ដឧបាយកល​ដ៏ឧក្រិដ្ឋ​មកលើរាជរដ្ឋាភិបាលកម្ពុជារបស់យើងទៀតផង។

ពាក់ព័ន្ធនឹងការផ្សាយខាងលើ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមបញ្ជាក់ជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថានទាំងអស់កំពុងសាមគ្គីគ្នា បំពេញការងារ​តាម​តួនាទី ភារកិច្ច និងការទទួលខុសត្រូវខ្ពស់ក្នុងគោលបំណងតម្កល់​នូវឧត្តមគតិ​ដ៏ថ្លៃថ្លាចំពោះជាតិ និងមាតុភូមិកម្ពុជា ដោយជំរុញគោល​នយោ​បាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអនុវត្ត​យុទ្ធសាស្ត្រ​ចក្រ​វិស័យបរិស្ថានឱ្យទទួលបានលទ្ធផលជោគជ័យជាច្រើនបន្តទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ដោយ «ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំង​ឡាយ​របស់បុគ្គល និងបក្សពួក ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំញុះញង់ ប្រឌិត​ព័ត៌មានភូតកុហក ធ្វើការបរិហារកេរ្ដិ៍ បោកប្រាស់គ្រប់រូបភាពដល់​មតិសាធា​រណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់ថ្នាក់​ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។

អ្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចបន្តចាត់វិធាន​ការ​ឱ្យបាន​តឹងរឹង​បំផុតតាមផ្លូវច្បាប់ចំពោះបុគ្គល និងបក្សពួកខាងលើ ដើម្បីថែ​រក្សា ការពារសុខសន្តិភាព និងការពារថ្នាក់ដឹកនាំ និងក្រសួងបរិស្ថានឱ្យបន្ត​បេស​កកម្ម​ដ៏ឧត្ដុង្គឧត្តមក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner