សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត ដែលបានរៀបចំដោយគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល ។ ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត បានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ ក្រោយការប្រព្រឹត្តទៅនៃការបណ្តុះបណ្តាលអស់រយៈពេល ៣ថ្ងៃ ប្រកបដោយភាពជោគជ័យ និងស្របតាមការរំពឹងទុករួចមក ។
អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនោះដែរ រួមមានអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលចំនួន៣រូប គឺលោកជំទាវ មាន សំអាន, ឯកឧត្តម ចាយ សាំងយុន និងឯកឧត្តម ហ៊ុន ម៉ានិត ដែលជាប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាលផងដែរ រួមទាំង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធានស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសមាសភាពសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះសរុបចំនួន ១៦២នាក់ ជាមន្ត្រីដែលមានតួនាទីក្នុងគណៈកម្មាធិការគណបក្ស គណៈកម្មាធិការត្រួតពិនិត្យគណបក្ស គណៈឃោសនាអប់រំ គណៈចាត់តាំង គ្រូបង្គោលអប់រំនយោបាយគណបក្ស គ្រូបង្គោលយុវជនគណបក្សរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលនោះ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ស្របនឹង«រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានបន្តដឹកនាំប្រទេសអនុវត្តផែនការយុទ្ធសាស្រ្តដែលគណបក្សបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មាចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់បម្រើប្រទេសជាតិ និងប្រជាជនបានទទួលលទ្ធផលដ៏ធំធេងបំផុត គឺរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ ធានាបានកំណើនសេដ្ឋកិច្ច បង្កើតការងារបានកាន់តែច្រើន ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីបំពាក់បំប៉នកសាងសមត្ថភាពគ្រូបង្គោលគណៈកម្មាធិការត្រួតពិនិត្យគណបក្ស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ទៅបណ្តុះបណ្តាលបន្តដល់មន្រ្តីគណបក្សនៅតាមរាជធានី ខេត្តរបស់ខ្លួន ឱ្យបានយល់ច្បាស់ពីការងារត្រួតពិនិត្យសំដៅរក្សាវិន័យរបស់គណបក្សឲ្យបានម៉ឺងម៉ាត់ រកឲ្យឃើញនូវគុណសម្បត្តិ និងគុណវិបត្តិរបស់មន្រ្តី និងអង្គការចាត់តាំងគណបក្ស ក៏ដូចជាដើម្បីបង្ការទប់ស្កាត់ ការខុសឆ្គងរបស់មន្រ្តី និងសមាជិកគណបក្ស។
ឯកឧត្តម ប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល បានសំដែងការអគុណដល់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងឯឧត្តមបានអបអរសាទរដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងទទួលយកចំណេះដឹង បទពិសោធន៍ ហើយបានបញ្ចប់ការបណ្តុះបណ្តាលការងារត្រួតពិនិត្យប្រកបដោយជោគជ័យ និងផ្លែផ្កា ។ ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ក្រោយការត្រឡប់ទៅវិញ សូមគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្តទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅបង្រៀន និងចែករំលែកបន្តដល់មន្រ្តីទាំងអស់អំពីការងារត្រួតពិនិត្យគណបក្សនៅរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងថ្នាក់មូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែប្រសើរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ