Trump ៖ ឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន, អាមេរិកចេញពីណាតូ
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅប្រទេសអ៊ុយក្រែន ហើយនិយាយថា ការដកអាមេរិកចេញពីអង្គការណាតូ គឺអាចធ្វើទៅបាន។
លោក Donald Trump បានជំរុញដល់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យធ្វើសកម្មភាព ដើម្បីឈានដល់បទឈប់បាញ់ភ្លាមៗ ជាមួយអ៊ុយក្រែន ដោយពណ៌នាថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបញ្ចប់សង្រ្គាម បើទោះបីជា មិនទាន់បានឡើងកាន់តំណែងជាផ្លូវការ ដោយត្រូវរង់ចាំ ជាច្រើនសប្តាហ៍ទៀត ក៏ដោយ។
លោក Trump បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យថា លោក Zelensky និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយលោកថា ត្រូវតែបញ្ឈប់សកម្មភាព ដែលលោកហៅថា បែបឆ្កួតលីលា។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ លោក Trump ក៏បាននិយាយផងដែរថា លោកនឹងបើកចំហរ ក្នុងការកាត់បន្ថយជំនួយយោធាដល់អ៊ុយក្រែន និងដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ។ ទាំងនោះគឺជាការគំរាមកំហែងចំនួនពីរ ដែលបានបង្កការព្រួយបារម្ភដល់អ៊ុយក្រែន សម្ព័ន្ធមិត្តណាតូ និង សហគមន៍សន្តិសុខជាតិអាមេរិក។
នៅពេលត្រូវបានសួរក្នុងកម្មវិធី «Meet the Press» របស់ ទូរទស្សន៍ NBC ថាតើលោកកំពុងធ្វើការយ៉ាងសកម្មដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ជិត៣ឆ្នាំមែនទេ? លោក Trump បាននិយាយថា «ខ្ញុំកំពុងប្រឹងប្រែង»។ តែ លោកបានបដិសេធ មិននិយាយ ថា តើលោកបាននិយាយជាមួយលោក ពូទីន ចាប់តាំងពីឈ្នះការបោះឆ្នោត ក្នុងខែវិច្ឆិកា ឬអត់នោះទេ។ លោក Trump បាននិយាយថា «ខ្ញុំមិនចង់និយាយអ្វី អំពីរឿងនោះទេ ពីព្រោះខ្ញុំមិនចង់ធ្វើអ្វី ដែលអាចរារាំងការចរចា»។
យ៉ាងណាមិញ ការអំពាវនាវរបស់លោក Trump ឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានហួសពីគោលការណ៍សាធារណៈ ដែលគ្រប់គ្រងដោយរដ្ឋបាល Biden និងអ៊ុយក្រែន ហើយបានទាក់ទាញការឆ្លើយតបយ៉ាងប្រុងប្រយ័ត្នពី Zelensky។ ក៏មានការសម្គាល់ថា លោក Trump មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ខុសពីធម្មតា ពោលគឺ មុនថ្ងៃឡើងកាន់តំណែងផ្លូវការ នាថ្ងៃទី២០ ខែមករា។
ជាការកត់សម្គាល់ ការទទូចរបស់លោក Trump បែបនេះ ក្រោយមានជំនួបត្រីភាគីមួយ រវាង លោក Trump លោក Zelensky និងប្រធានាធិបតីបារាំង កាលពីចុងសប្តាហ៍៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត