ផ្ទុះភ្នំភ្លើងហ្វីលីពីន ជម្លៀសមនុស្សរាប់ម៉ឺននាក់
បរទេស ៖ ភ្នំភ្លើងមួយបានផ្ទុះឡើងភ្លាមៗ នៅភាគកណ្តាល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដោយបានព្រួសផេះឡើងទៅលើមេឃដ៏ខ្ពស់ គួរឲ្យព្រួយបារម្ភ ជាហេតុនាំឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពី
ពីភូមិជុំវិញនោះ។
Kanlaon គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មសរុប ចំនួន២៤ នៅក្នុងប្រទេសហ្វីលីពីន។ ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានថា ការផ្ទុះ មានរយៈពេលជិត៤នាទី កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ជាមួយនឹងការបញ្ចេញផេះក្តៅ, ឧស្ម័ន និងបំណែកថ្ម ភ្នំភ្លើង។ ពួកគេបានព្រមានថា ការផ្ទុះកាន់តែខ្លាំង អាចនឹងកើតមានឡើង ក្នុងពេលឆាប់ៗនេះ។
អ្នកជំនាញភ្នំភ្លើង នៃប្រទេសហ្វីលីពីន បាននិយាយថា ប្រសិនបើផេះចូល ទៅក្នុងសួតរបស់មនុស្ស នឹងបណ្តាលឱ្យមានបញ្ហា ពេលដកដង្ហើម ដូច្នេះ ចាំបាច់ត្រូវជម្លៀសប្រជាជន ចំនួន១៥ភូមិ ក្នុងចម្ងាយ ៦គីឡូម៉ែត្រ ភ្នំភ្លើង។ មិនមានរបាយការណ៍ភ្លាមៗ អំពីចំនួនមនុស្សស្លាប់ ឬ ការខូចខាត នៅឡើយទេ គិតត្រឹមយប់ថ្ងៃចន្ទ។
រដ្ឋាភិបាលហ្វីលីពីនបាននិយាយ នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះ នៅលើគេហទំព័រទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ខ្លួនថា «ប្រតិបត្តិការជម្លៀសជាបន្ទាន់ កំពុងដំណើរការ ដែលប៉ះពាល់ដល់អ្នកស្រុកប្រហែល ៨៧,០០០នាក់ នៅក្នុងតំបន់ ជុំវិញភ្នំភ្លើងនេះ៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត
