រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងសង្ស័យត្រូវបានចាប់ខ្លួន
បរទេស៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ត្រូវបានចាប់ខ្លួន ខណៈប្រធានាធិបតី Yoon Suk Yeol ត្រូវបានហាម មិនឲ្យចេញក្រៅប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានរួចខ្លួន ពីការបោះឆ្នោតចោទប្រកាន់ ជុំវិញការប៉ុនប៉ង ក្នុងការដាក់ច្បាប់អាជ្ញាសឹក។ ចលនានេះបានបរាជ័យដោយសារតែការធ្វើពហិការ មិនបោះឆ្នោតក្នុងសភា ពីសំណាក់សមាជិកគណបក្សរបស់លោក Yoon ហើយ ហ្វូងមនុស្សដ៏ច្រើន បានទប់ទល់នឹងសីតុណ្ហភាពត្រជាក់ខ្លាំង ចេញមកក្រៅធ្វើការតវ៉ា មុខសភាជាតិ ក្នុងទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យមានការបណ្តេញ លោកប្រធានាធិបតី ចេញពីតំណែង។
លោក Kim Yong-hyun បានលាលែងពីតំណែង ជារដ្ឋមន្ត្រីការពារជាតិរួចហើយ បន្ទាប់ពីការដាក់ចេញច្បាប់អាជ្ញាសឹកគ្រប់គ្រងប្រទេស រយៈពេលខ្លី កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍មុន ដោយពេលនោះ មានទាហាន និងឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូន ទៅសភា។
ប៉ូលីសបានបើកការស៊ើបអង្កេតលើ លោកYoon, លោក Kim Yong-hyun និងអ្នកផ្សេងទៀត ពីបទបះបោរ។ យ៉ាងណាមិញ ការិយាល័យរដ្ឋអាជ្ញា មិនទាន់អាចផ្តល់ការធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការចាប់ខ្លួនលោក Kim ទេ បើទោះបីជា មានសេចក្តីរាយការណ៍ ដោយទីភ្នាក់ងារព័ត៌មាន Yonhap និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បង្ហាញថា មានការចាប់ខ្លួន នៅព្រឹកថ្ងៃអាទិត្យ ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត