ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ខេត្តបាត់ដំបង និងប៉ៃលិន បានរកឃើញប្រមូលផ្តុំដោយសត្វព្រៃច្រើនប្រភេទ

(ភ្នំពេញ)៖ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។

ការសិក្សាស្រាវជ្រាវនេះ ដែលធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundationបានរកឃើញនូវវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ៖ «ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើយុទុ្ធសាស្រ្តចំនួនបី“ភាពស្អាត ភាពបៃតង និងចីរភាព”។ ការសិក្សាអំពីជីវៈចម្រុះត្រូវបានធ្វើឡើងដោយស្របតាមយុទ្ធសាស្ត្រចក្រានេះ។

ឯកឧត្តមបានស្វាគមន៍ចំពោះ លទ្ធផលនៃរបាយការណ៍នេះ ដោយបានបញ្ជាក់ថា៖ «ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈចម្រុះនៅតំបន់សំឡូត ដែលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការការពារនិងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។ យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងកត្តាផ្សេងៗទៀតដែលបំផ្លាញធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនិងប៉ៃលិន”។

លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការរកឃើញនេះ បានគូសបញ្ជាក់អំពីភាពសំបូរបែបនៃធនធានជីវៈចម្រុះនៅក្នុងតំបន់សំឡូត ដែលជាធាតុដ៏សំខាន់នៃ ប្រព័ន្ធតំបន់ការពាររបស់ប្រទេសកម្ពុជា។ ទីតាំងរបស់តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលនៅជិតនឹងតំបន់ការពារធម្មជាតិផ្សេងទៀត ស្ថិតនៅតាមបណ្តោយជាប់ព្រំដែនថៃ បានបង្កើននូវសារ:សំខាន់នៃការតភ្ជាប់ផ្នែកប្រព័ន្ធអេកូឡូស៊ីឆ្លងដែន ដែលចាំបាច់ត្រូវមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយនិរន្តរភាពនៅក្នុងតំបន់នេះ។

លោកស្រី Angelina Jolie បានលើកឡើងថា៖ « ជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពមួយបង្ហាញអំពីភាពធន់របស់ធម្មជាតិ និងសារៈសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ការរកឃើញប្រភេទរុក្ខជាតិថ្មីៗនៅក្នុងរបាយការណ៍នេះ សបញ្ជាក់អំពីតួនាទីដ៏សំខាន់ដែលប្រទេសកម្ពុជាដើរតួក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារសត្វព្រៃ និងរុក្ខជាតិ និងសារៈសំខាន់នៃការងាររបស់មូលនិធិ Maddox ក្នុងការការពារជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។

ការសិក្សាស្រាវជ្រាវជីវៈចម្រុះនេះ ត្រូវបានធ្វើឡើង ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីប្រមូលទិន្នន័យព័ត៌មានស្តីពីជីវៈចម្រុះក្នុងតំបន់ ដែលការសិក្សានេះផ្តោតលើក្រុមចំនួនប្រាំ៖ ប្រចៀវ អ័រគីដេ ឧរង្គសត្វ សត្វស្លាប និងការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ។

ការសិក្សាស្រាវជ្រាវសត្វប្រចៀវបានកត់ត្រានូវប្រភេទប្រចៀវជាច្រើន ដែលជាទិន្នន័យដ៏មានតម្លៃទាក់ទងនឹងវត្តមានប្រចៀវ នៅក្នុងតំបន់នេះ និងសារៈសំខាន់នៃតំបន់នេះសម្រាប់ការអភិរក្សសត្វប្រចៀវ។

ការសិក្សាប្រភេទឧរង្គសត្វ បានកត់ត្រា ៥១ ប្រភេទរួមមាន ថលជលិកសត្វ ២១ប្រភេទ ប្រភេទ(agamids) ៦ប្រភេទ តុកកែ ៤ប្រភេទ ប្រភេទ (skinks) ៥ ប្រភេទ ពស់១៤ប្រភេទ និងអណ្តើក១ប្រភេទ ហើយក្នុងការសិក្សាស្រាវជ្រាវសត្វស្លាប យើងបានកត់ត្រាប្រភេទសត្វស្លាបសរុបចំនួន ១៤២ ប្រភេទ មកពី៤៨គ្រួសារ។

ការសិក្សាអ័រគីដេយើងបានកត់ត្រាជាង៥០ប្រភេទ ពី២៩ពួក។ ការសិក្សានេះក៏បានកត់ត្រាផងដែរនូវប្រភេទរុក្ខជាតិចំនួនប្រាំពីរប្រភេទបន្ថែមទៀតនៃគ្រួសារចំនួនប្រាំ រួមទាំងកំណត់ត្រាប្រភេទថ្មីចំនួនពីរសម្រាប់ប្រទេសកម្ពុជាផងដែរ រួមមានប្រភេទកម្រ (Pycnospatha arietina) និង (aroid Amorphophallus tenuistylis)។

ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្ត បានកត់ត្រាសត្វព្រៃចំនួន ៤៤ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។

ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ប្រភេទជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់។

តំបន់សំឡូត ជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃកម្រជាច្រើនប្រភេទ រួមទាំងប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជមួយចំនួនផងដែរ។ ព័ត៌មានដែលទទួលបានតាមរយៈការសិក្សានេះ ពិតជាមានសារ:សំខាន់យ៉ាងខ្លាំងក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តការគ្រប់គ្រង ដើម្បីប្រើប្រាស់ធនធានទាំងនេះប្រកបដោយនិរន្តរភាព ដោយធានាបាននូវអភិរក្សរយៈពេលយូរអង្វែងនៃធនធានទាំងអស់នោះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner