ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

ភ្នំពេញៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ អភិបាលរងខេត្តទូទាំងប្រទេស មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិការទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ១៥០រូប នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។

ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានខិតខំយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធប្រកកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ដោយបានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដំណាក់កាលទី១ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម មានឯកសារបណ្តុះបណ្តាលស្តង់ដាច្បាស់លាស់ ព្រមទាំងមានធនធានគ្រូបង្គោលល្អៗប្រកបដោយសមត្ថភាពខ្ពស់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធនាការ៖ “បុគ្គលិកម្នាក់ ជំនាញមួយ (OneEmployee, One Skill)” ដែលមានចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអ្នកជំនាញទាំងអស់មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន បង្កើតឱកាសការងារដល់យុវជនដើម្បីទទួលបានការងារនិងប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់។ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ នឹងចូលរួមដោយផ្ទាល់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG 4 ដែលចែងថា “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត (Life Long Learning) ដល់ជនគ្រប់រូប” និង SDG 8 ចែងថា “ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប”។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះៗដើម្បីបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ឱ្យបន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយអង្គការ ស្វីសខាន់ថាក់ ដៃគូអភិវឌ្ឍន៍ សមាគមឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ឱ្យបាន២៥រាជធានីខេត្តទូទាំងប្រទេស និងតាមជំនាញអាទិភាព សំខាន់ៗ ស្របតាមទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងការផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍តាមរយៈ “ទិវាជំនាញ ហូកា” ការតាំងបង្ហាញ និងកម្មវិធីប្រកួតជំនាញវិជ្ជាជីវៈទេសចរណ៍ថ្នាក់ជាតិ និងអាស៊ាន និងជំរុញឱ្យរៀបចំចងក្រងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ ដោយសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើតប្រព័ន្ធបណ្តុះបណ្តាលថ្នាក់ជាតិ ដែលមានការទទួលស្គាល់ប្រកបដោយសង្គតិភាព និងបើកច្រកសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា និងខិតខំ ធ្វើសមមូលភាពក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាមួយក្របខណ្ឌគុណវុឌ្ឍិអាស៊ានក្នុងក្របខ័ណ្ឌ MRA-TP សំដៅផ្តល់ភាពបត់បែនដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការសិក្សារបស់យុវជន និងបានស្នើឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទាំងវគ្គខ្លីៗ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ឱ្យបានកាន់តែផុលផុស នៅកម្រិតថ្នាក់ក្រោមជាតិ សំដៅចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ខេត្ត និងផ្តល់ឱកាសការងារសមរម្យ និងកំណើនប្រាក់ចំណូលដល់យុវជន ព្រមទាំងជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍តាមខេត្តគោលដៅក្នុងទម្រង់ In-House Training តាមរយៈ គ្រូបង្គោល ហូកា ដែលឆ្លងកាត់ការបណ្តុះបណ្តាលនិងវាយតម្លៃសមត្ថភាពច្បាស់លាស់ ៕ អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ -ងីម ឆៃហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner