នាយករដ្ឋមន្ត្រី ចាត់ទុកមន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាល ធនធាន មនុស្ស លើវិស័យសុខាភិបាល
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាល តាមរយៈការរៀន ការបង្រៀន និងការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញ ខាងវិទ្យាសាស្ត្រ និងនវានុវត្តន៍ថ្មីៗសម្រាប់ធាតុចូលយ៉ាងសំខាន់ក្នុង ការធ្វើ បច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកលនៅឆ្នាំ២០៣៥ ខណៈដែលមន្ទីរពេទ្យមួយនេះ នឹងត្រូវបំពាក់នូវ ឧបករណ៍ ពេទ្យទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ ជាអគារពហុមុខងារ សម្រាប់ផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺជូនពលរដ្ឋតាមតម្រូវ ការដែលកំពុង មានការកើនឡើង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ដូចនេះ ក្នុងពិធី បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្រោមថវិកាកម្ចីសម្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ស្ថិតនៅតាមបណ្តោយ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
សម្តេចធិបតី បានបន្តថា សេវាសុខាភិបាល គឺពិតជាសំខាន់សម្រាប់ ប្រជាពល រដ្ឋរបស់យើង នរណាៗក៏ត្រូវការសុខាភាព ដូច្នេះការធានាបាន នូវការផ្តល់សេវាសុខាភិបាលល្អ និងគ្រប់គ្រាន់គឺ ជាការសំខាន់ ហើយថា ការគិតគូទុកជាមុន ក្នុងការសាងសង់ និងបំពាក់ឧបករណ៍ពេទ្យទំនើប ទាន់សម័យ គឺជារឿងមួយរឹតតែសំខាន់ គឺជាការគិតគូ សម្រាប់រយៈពេលវែង ។
សម្ដេច ថា ចំពោះឧបករណ៍ទំនើបៗសម្រាប់ការព្យាបាល យើងត្រូវតែនាំចូលមក ខណៈដែលកម្ពុជា ក៏កំពុងតែបំពាក់ឧបករណ៍ផ្សេងៗ សម្រាប់ការព្យាបាលជម្ងឺមហារីក នៅ តាមបណ្តាមន្ទីរពេទ្យមួយចំនួន ក្នុងនោះ ក៏មាននៅមន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលកំពុងធ្វើពិធីបើកការដ្ឋាន សាងសង់នាពេលនេះផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាស្ត្រាចារ្យ គ្រូពេទ្យ មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារនៅក្នុងវិស័យ ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងចូលរួម ចំណែកដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នានាពេលកន្លងទៅ ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជន កម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការជួយឧបត្ថម្ភគាំទ្រ ក៏ដូចជាការសហការល្អ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយដែលថ្ងៃនេះ សាធារណរដ្ឋកូរ៉េ ក៏បានផ្តល់នូវឥណទាន ដើម្បីកសាងនូវសមិទ្ធផលដ៏ធំ ថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាល របស់កម្ពុជា ដែលមានតម្លៃរហូតទៅដល់ ៦០លានដុល្លារអាម៉េរិក ដែលវាជាទំហំធំ តែយើងត្រូវ តែវិនិយោគ ព្រោះ វាជាការសំខាន់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ