Zelensky ៖ អាសាតដួលរលំ ព្រោះគ្មានទ័ពរុស្ស៊ីពិតនៅស៊ីរី
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា របបរបស់លោក Assad បានដួលរលំ ដោយសារតែគ្មានកងទ័ពរុស្ស៊ីពិតប្រាកដ នៅប្រទេសស៊ីរី ខណៈទ័ពដ៏មានឥទ្ធិពលទាំងអស់របស់រុស្ស៊ីបានប្រមូលផ្តុំ នៅព្រំដែនអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រតិកម្មចំពោះការដួលរលំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដោយនិយាយថា «ការទម្លាក់រដ្ឋាភិបាលរបស់លោក គឺដោយសារតែមិនមានកងទ័ពរុស្ស៊ីពិតប្រាកដ នៅទីនោះ»។ ថ្លែងក្នុងអំឡុងកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីអេស្តូនី នៅទីក្រុង Kyiv លោក Zelensky និយាយទៀតថា «កងទ័ពទាំងអស់ត្រូវបានសម្រុកបញ្ជូនឡើងវិញទៅកាន់អ៊ុយក្រែន» ដោយពន្យល់ថា «កងទ័ពរុស្ស៊ីប្រហែល ៨០ម៉ឺននាក់ ឥឡូវនេះ មាននៅលើទឹកដី របស់អ៊ុយក្រែន»។
លោក Zelensky ក៏បានរំលឹកផងដែរថា ស្ថានភាពស្រដៀងគ្នានេះ កំពុងកើតឡើងនៅក្នុងទ្វីបអាហ្រ្វិក និងប្រទេសមួយចំនួនទៀត ដែលរុស្ស៊ីបានប្រើប្រាស់ទាហានស៊ីឈ្នួល Wagner ដើម្បីបង្កើត «របបរបស់ខ្លួន»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត