ឆ្នាំក្រោយ ប្រជាជនមីយ៉ាន់ម៉ាជិត ២០លាននាក់ ក្នុងនោះកុមារ ៦លាននាក់ត្រូវការជំនួយបន្ទាន់

ណៃពិដោ ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជិត ២០លាននាក់ រួមទាំងកុមារ ៦.៤លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌បន្ទាន់នៅឆ្នាំក្រោយ។

អង្គការយូនីសេហ្វបានកំណត់គោលដៅផ្តល់ការគាំទ្រ និងជំនួយមនុស្សធម៌ដល់ពួកគេប្រហែល ២០ភាគរយនៃចំនួនសរុបជិត ២០លាននាក់ រួមទាំងកុមារចំនួន ៣លាននាក់ផងដែរ សរុបជាទឹកប្រាក់ប្រហែល ២៨០លានដុល្លារ។

ជំនួយទាំងនោះ នឹងគាំទ្រផ្នែកអប់រំ ក៏ដូចជាលក្ខខណ្ឌអនាម័យកាន់តែប្រសើរ ដូចជាការសាងសង់បង្គន់ជាដើម។

ដោយពណ៌នាអំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាថា “ធ្ងន់ធ្ងរ” នាយកប្រចាំតំបន់របស់អង្គការយូនីសេហ្វ ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី June Kunugi បាននិយាយថា មានហានិភ័យដែលប្រទេសនេះបាត់បង់ការយកចិត្តទុកដាក់លើឆាកពិភពលោក។

លោកស្រីបន្ថែមថា យើងកំពុងស្នើដល់សហគមន៍អន្តរជាតិ កុំមើលរំលង ឬ បំភ្លេចមីយ៉ាន់ម៉ា ជាពិសេសកុមារ ។ បើតាមអង្គការយូនីសេហ្វ មនុស្សជាង ៣.៤លាននាក់បានបង្ខំចិត្តផ្លាស់ទីលំនៅ ចាប់តាំងពីរបបយោធាបានកាន់កាប់អំណាចក្នុងឆ្នាំ ២០២១។

ក្រៅពីជម្លោះប្រដាប់អាវុធ មីយ៉ានម៉ាក៏បានជួបប្រទះនូវព្រឹត្តិការណ៍អាកាសធាតុអាក្រក់យ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។ ជាក់ស្តែង ទឹកជំនន់ដ៏ធំនៅក្នុងខែកញ្ញា ត្រូវបានគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់មនុស្សជាង ៦០០,០០០នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner