មេធំ Tesla ចាយលុយជាង ២០០លានដុល្លារជួយលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក

វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានចំណាយប្រាក់យ៉ាងហោចណាស់ ២៦០លានដុល្លារ ដើម្បីជួយលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកខែវិច្ឆិកា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ដោយដកស្រង់ឯកសារផ្ញើទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ។

ប្រភពបានទម្លាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានផ្តល់ប្រាក់ចំនួន ២៥៩លានដុល្លារដល់ក្រុមដែលគាំទ្រយុទ្ធនាការឆ្នាំ២០២៤ របស់លោក ត្រាំ។ ការបរិច្ចាគដ៏ធំនេះបានធ្វើឲ្យលោក ម៉ាស ក្លាយជាអ្នកគាំទ្រដ៏ធំបំផុតនៃយុទ្ធនាការប្រធានាធិបតីនៅអាមេរិក។

ប្រភពបានបង្ហើបឲ្យដឹងទៀតថា លោក ម៉ាស បានផ្តល់ប្រាក់ចំនួន ២៣៩លានដុល្លារដល់អាមេរិក PAC ជា Super PAC ដែលលោកបានបង្កើតឡើង ដើម្បីជួយអ្នកបោះឆ្នោតឲ្យលោក ត្រាំ។

នៅចុងខែតុលា លោក ម៉ាស បានផ្តល់ប្រាក់បន្ថែមចំនួន ២០លានដុល្លារទៀតដល់ RBG PAC ជាក្រុមដែលព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា លោក ត្រាំ នឹងមិនចុះហត្ថលេខាលើច្បាប់ហាមឃាត់ការរំលូតកូនជាតិ។

ឈ្មោះក្រុមនេះសំដៅលើចៅក្រមតុលាការកំពូល Ruth Bader Ginsburg ជារូបតំណាងសេរីនិយមត្រូវគេស្គាល់ថា ជាការគាំទ្រសិទ្ធិរំលូតកូនរបស់នាង។ ចាប់តាំងពីពេលនោះមក លោក Musk ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានលេចចេញជាទីប្រឹក្សាជិតស្និទ្ធក្នុងក្រុមការងាររបស់លោក ត្រាំ។

ហើយលោក ត្រាំ បានជ្រើសរើសលោក រួមជាមួយនឹងអតីតបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងជាសហគ្រិន Vivek Ramaswamy ធ្វើជាប្រធានក្រុមការងារ ដែលមានគោលបំណងកាត់បន្ថយការចំណាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner