កងពលតូចដឹកជញ្ជូនលេខ៩០ នាំយកថវិកា ២០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ថែទាំសុខភាពដល់កុមារកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកថវិកាសរុបចំនួន ២០ ,០០០,០០០ រៀល ( ២០ លានរៀល ) បានមកពីការចូលរួមបរិច្ឆាកពីនាយទាហាន នាយទាហានរង និង ពលទាហានចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល និង ការថែទាំសុខភាពដល់កុមារកម្ពុជា ។
ពិធីប្រគល់-ទទួលថវិកានេះបានធ្វើនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមាន លោក ជា បុល្លិកា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ ប្រធានរដ្ឋបាលបុគ្គលិក នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។
ក្នុងឱកាសនោះ លោក ជា បុល្លិកា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ តំណាងមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បានថ្លែងអណរគុណ ដល់ឯកឧត្តម ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ បានបរិច្ចាកថវិកា មកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នាពេលនេះ ថាពិតជាសកម្មភាពបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ខ្ពស់ចូលរួមចំណែកក្នុងការងារមនុស្សធម៌របស់នាយទាហាន នាយទាហានរង និង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បើទោះបីជាប់ភារកិច្ចក្នុងការ ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីយ៉ាងណាក្តីក៏យោធិន កងពលតូចដឹកជញ្ជូនលេខ៩០ បានចែករំលែកនូវថវិកាដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យ បានបន្តដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ បន្តទៀត ។
សូមបញ្ជាក់ថា៖ កងពលតូចដឹកជញ្ជូនលេខ ៩០ បានបរិច្ឆាកថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ដែលរហូតមកដល់ឆ្នាំ ២០២៤នេះ មានរយះពេល ៧ឆ្នាំហើយ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ ឈរ សុខ ។
មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមបង្កើតចាប់តាំងពី ឆ្នាំ ១៩៩២ ដោយលោកវេជ្ជបណ្ឌិត ប៊ីត រីឈឺន័រ ( Beat Richner ) ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងសម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយបានដំណើរការពិនិត្យ ព្យាបាល សង្រ្គោះ កុមារកម្ពុជា ដោយឥតគិតថ្លៃ ចាប់តាំងពីពេលនោះមក ៕
ប្រភព ៖ កងទ័ព