ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យចូលរួមថែរក្សាការពារស្វាព្រាមដែលជាសត្វដ៏កម្រ
(ភ្នំពេញ)៖ជាប្រភេទសត្វត្រូវបានអ្នកស្រុកដាក់ឈ្មោះថាជាស្វាព្រាម (Trachypithecus germaini) វាគឺជាប្រភេទសត្វស្វាដ៏ទាក់ទាញដោយស្វាពេញវ័យមានពណ៌ប្រផេះបែបប្រាក់ ចំណែកឯកូនរបស់វាដែលទើបនឹងកើតបែមានពណ៌ទឹកក្រូចភ្លឺទៅវិញ។
សត្វស្វាដែលជិតផុតពូជទាំងនេះពឹងផ្អែកលើព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងរបស់ប្រទេសកម្ពុជាយើងសម្រាប់ការរស់រានមានជីវិត ហើយវាស៊ីរុក្ខជាតិចម្រុះជាង ៥៨ប្រភេទជាអាហារ។
ទីភ្នាក់ងារជំនួយអាមេរិក USAIDបានចេញផ្សាយនៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤នេះថា ទោះបីជាពួកវាជាប្រភេទសត្វពូកែសម្របខ្លួនយ៉ាងណាក៏ដោយ ក៏សត្វប្រភេទនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការកាប់បំផ្លាញព្រៃឈើ ការបែកបាក់ទីជម្រក ការបរបាញ់ខុសច្បាប់សម្រាប់ជួញដូរសាច់សត្វព្រៃ និងការជួញដូរជាសត្វចិញ្ចឹម ដែលធ្វើឱ្យពួកវាមានការបែកបាក់ក្រុម និងរងហានិភ័យផ្សេងៗ។
តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វស្វាព្រាមកំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ។
តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សកំពុងដំណើរការដើម្បីពង្រីកការការពារប្រភេទសត្វស្វាព្រាមដ៏កម្រទាំងនេះ ដោយធានាថាពួកវានៅតែជាផ្នែកមួយដ៏សំខាន់នៃព្រៃឈើរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។
ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់ទេ។ នៅពេលពេញវ័យ វាប្រែពណ៌រោមជាប្រផេះ ដែលដុះលាតសន្ធឹងរាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្តើមក្រោមអាយុ៣ខែ។
ស្វាព្រាមត្រូវបានគេប្រទេះឃើញនៅ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង។ ពួកវារស់នៅលើដើមឈើ ហើយអាចចុះដីម្តងម្កាលដើម្បីរត់លេង និងស៊ីដីច្រាបមានសារធាតុខនិជ។ ចំណីអាហាររបស់វាមានត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ វារស់នៅជាក្រុមដែលមានចំនួនពី១០-៤០ក្បាល ឬច្រើនជាងនេះ ហើយជួនកាលពួកនេះក៏រស់នៅក្នុងដែនព្រៃរួមគ្នាជាមួយទោចដែរ។ វាជាសត្វចូលចិត្តភាពស្ងៀមស្ងាត់បំផុត។ វាកើតកូនក្នុងអំឡុងខែធ្នូ រហូតដល់ខែឧសភា៕
ដោយ ៖ ម៉ាដេប៉ូ