លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជា ឆ្នាំ២០២៤ ផ្តោតសំខាន់លើ ២ចំណុចធំៗ
(ភ្នំពេញ)៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជា ឆ្នាំ២០២៤ ផ្តោតសំខាន់លើ ២ចំណុចធំៗ ។ ឯកឧត្តម ប៊ិន ត្រឈៃ ថ្លែងដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ លទ្ធផលបឋម ក្រោមប្រធានបទ « អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤» នៅទីស្ដីការក្រសួងផែនការ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ ការរៀបចំសិក្ខាសាលានេះ គឺជាជំហានដំបូង មុននឹងឈានទៅធ្វើការប្រកាសផ្សព្វផ្សាយ របាយ ការណ៍លទ្ធផលចុងក្រោយជាផ្លូវការ នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ហើយនឹងត្រូវបានអនុវត្ត ទៅតាមដំណាក់កាលនីមួយៗក្នុងផែនការដែលបានគ្រោងទុក ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិជាតិថ្នាក់កណ្តាល របស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ វិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំ រៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួម ទាំងការងារសម្របសម្រួលនៅក្នុងប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងវិស័យស្ថិតិ ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងសកល។ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួង ស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត របស់រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការ របស់ខ្លួន សម្រាប់ផ្តល់ដល់អ្នកប្រើប្រាស់ ។
ឯកឧត្ដមបានបញ្ជាក់ថា អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤ ជាកិច្ចការដ៏ធំទីពីរ បន្ទាប់ពីជំរឿនប្រជាជន ឆ្នាំ២០១៩ ដែលដឹកនាំអនុវត្តដោយនាយកដ្ឋាន ស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេត នៃវិទ្យាស្ថានជាតិ ស្ថិតិក្រសួងផែនការ ប្រកបដោយភាពហ្មត់ចត់ និងការរាប់សម្ភាសន៍ប្រជាសាស្ត្រតាមពេលវេលាយោងជាក់លាក់ គឺនៅម៉ោងសូន្យ (០០:០០) ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លើសំណាកគម្រូ ប្រមាណ ៧៥០ មណ្ឌលអង្កេត និងប្រមាណ ២២ ៥០០គ្រួសារ នៅទូទាំងប្រទេស។ រាល់តួលេខបណ្តោះអាសន្ន ដែលទទួលបានពីអង្កេតខាងលើ ត្រូវបានដាក់ឱ្យមានការពិភាក្សាផ្ទៃក្នុង កម្រិតបច្ចេកទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ហើយបានដាក់ឆ្លងគណៈកម្មាធិការសម្របសម្រួលស្ថិតិជាតិ ដើម្បីទទួលបានការអនុម័តរបាយ ការណ៍បឋមជាផ្លូវការ។
លទ្ធផលបឋមទទួលបានពីអង្កេតនេះ គឺផ្តោតសំខាន់លើ ពីរចំណុចធំៗ រួមមាន ៖
ទី១. ទំហំប្រជាជន ៖ ក្នុងនោះគ្រួសារសរុបមានចំនួន ៣ ៧៣៥ ៦៥៩ គ្រួសារ ចំនួនសមាជិកជាមធ្យម មាន ៤,៦នាក់ ប្រជាជនសរុបមានចំនួន ១៧ ២៨០ ៥៤៣នាក់ ក្នុងនោះស្ត្រីមានប្រមាណ ៥០,៩ភាគរយ កំណើនប្រជាជនមធ្យមប្រចាំឆ្នាំ មានប្រមាណ ២,១ភាគរយ, អត្រាលទ្ធភាពបង្កើតកូនរបស់ស្ត្រីអាយុ ១៥-៤៩ ឆ្នាំ មាន ២,៥នាក់, អត្រាកំណើតដុលមាន ២០,៦នាក់ ផលធៀបអាយុក្នុងបន្ទុកមាន ៥៨,៥ភាគរយ, អាយុ សង្ឃឹមរស់ទាំងពីរភេទ គឺ ៧៦,៦ឆ្នាំ បុរស ៧៤,៧ឆ្នាំ និងស្ត្រី ៧៨,៤ ឆ្នាំ។
ទី២. ការបែងចែកប្រជាជន ៖ លទ្ធផលបឋមបង្ហាញថា រាជធានីភ្នំពេញ នៅតែជាទីតាំង ប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត មានប្រជាជនច្រើន រស់នៅ ប្រមាណចំនួន ២ ៣៥២ ៨៥១នាក់ ត្រូវជា ១៣,៦ភាគរយ។ បើពិនិត្យមើលទៅតាមតំបន់សំខាន់ៗ ឃើញថាតំបន់ ទំនាបកណ្តាល មានប្រជាជន ៨ ៦៤៦ ២០៣នាក់ ត្រូវជា ៥០,៣ភាគរយ រស់នៅច្រើនជាងតំបន់ផ្សេងៗ ដូចជា តំបន់ទន្លេសាប តំបន់ឆ្នេរនិងសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ នេះបញ្ជាក់ឱ្យឃើញថា នៅក្នុងបរិការណ៍នេះ កម្ពុជា មានការអភិវឌ្ឍខ្ពស់ នៅរាជធានីភ្នំពេញ និងខេត្តធំៗ នៅក្នុងតំបន់ទំនាបកណ្តាលជាជាង តំបន់ផ្សេងៗ។ ម្យ៉ាងវិញទៀត អត្រាប្រជាជនរស់នៅទីប្រជុំជនមាន ៤១,៥ភាគរយ មានការកើនឡើងគួរ ឱ្យកត់សម្គាល់។
របាយការណ៍លទ្ធផលបឋមនៃអង្កេតនេះ គឺជាតួលេខបណ្តោះអាសន្នតែប៉ុណ្ណោះ របក គំហើញលម្អិតលើសពីតួលេខក្នុងរបាយការណ៍នេះ នឹងធ្វើការផ្សព្វផ្សាយនៅក្នុងរបាយការណ៍លទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នាពេលឆាប់ៗខាងមុខ។
ឯកឧត្តម ប៊ិន ត្រឈៃ បានសម្តែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹង ជំរុញឱ្យការងារនេះ សម្រេចបានជោគជ័យគួរជាទីមោទនៈ និងសូមថ្លែងអំណរគុណចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូរអភិវឌ្ឍ រួមមាន៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការ UNICEF បានជោគជ័យ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគាំទ្រ ក្នុងការអនុវត្តការងារនេះ រហូតទទួលបានជោគជ័យ ៕
ដោយ ៖ វណ្ណលុក