ក្រុមហ៊ុនក្ស័យធននៅជប៉ុនហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ
តូក្យូ ៖ ទិន្នន័យនៃវិស័យឯកជនរបស់ក្រុមហ៊ុន Tokyo Shoko Research (TSR) បានបង្ហាញថា ក្រុមហ៊ុនក្ស័យធនក្នុងប្រទេសជប៉ុននៅឆ្នាំ ត្រូវបានរំពឹងថា នឹងកើនឡើងលើសពី ១០,០០០ក្រុមហ៊ុន ហើយឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្នុងខែវិច្ឆិកា ចំនួនក្រុមហ៊ុនក្ស័យធនដោយសារជំពាក់បំណុលចាប់ពី ៦៦,០០០ដុល្លារ ឬច្រើនជាងនេះនៅក្នុងប្រទេសជប៉ុន បានកើនឡើង ៤.២% ដល់ ៨៤១ក្រុមហ៊ុន បើធៀបនឹងឆ្នាំមុន ខណៈដែលក្រុមហ៊ុនដទៃទៀតនៅតែស្ថិតក្រោមសម្ពាធ ចំពេលប្រាក់យ៉េនទន់ខ្សោយ និងតម្លៃពលកម្មកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Today។
សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនជាច្រើនរកស៊ីកាន់តែធ្លាក់ចុះនិងឈានដល់ជំពាក់បំណុលក្ស័យធនដោយសារតែវត្ថុធាតុដើមនិងថ្លៃពលកម្មកាន់តែឡើងថ្លៃ។ បើតាមការស្រាវជ្រាវដដែលបានឲ្យដឹងថានឹងមានក្រុមហ៊ុនសាជីវកម្មកាន់តែច្រើនទៀតជាពិសេសគឺក្រុនហ៊ុនដែលងើបឡើងវិញយឺតក្រោយពីវិបតិ្តកូវីដ១៩នឹងក្ស័យធនជាបន្តបន្ទាប់។
ទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវឥណទាននេះ បានបង្ហាញថា នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនជប៉ុនចំនួន ៨៤១ក្រុមហ៊ុនបានក្ស័យធន ដែលនាំឱ្យតួលេខពីខែមករា ដល់ខែវិច្ឆិកា កើនឡើងដល់ ៩,១៦៤ក្រុមហ៊ុន។
តួលេខក្រុមហ៊ុនក្ស័យធនក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថា អាចនឹងកើនឡើងលើសពី ១០,០០០ក្រុមហ៊ុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុនចំនួន ១០,៨៥៥ក្រុមហ៊ុនបានក្ស័យធនរួចហើយ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងទៀតថា ក្នុងចំណោមវិស័យសំខាន់ៗទាំង១០ ក្នុងនោះក្រុមហ៊ុនរកស៊ីក្នុងវិស័យសេវាកម្ម គឺមានករណីក្ស័យធនច្រើនជាងគេ៕
ប្រភព ៖ រ៉យទ័រ, Japan today និង Nikkei Asia ប្រែសម្រួល ៖ ឈឹម ទីណា