នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណសុខាភិបាលឯកជន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ ក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណ ដល់គ្រឹះស្ថានវិស័យឯកជន ទៅលើក្រមប្រតិបត្តិ និងការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈ ធ្វើយ៉ាងម៉េចឱ្យស្របច្បាប់ ពីព្រោះសុខភាពមនុស្ស ជារឿងសំខាន់បំផុត ។ សម្តេចធិបតី ការណែនាំបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។

ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញ ឱ្យពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដោយយកអភិក្រម ពង្រឹងមូលដ្ឋានពីក្រោមឡើងមកលើ ធ្វើទំនើបកម្ម ពីលើចុះមកខាងក្រោម ប៉ុន្តែពង្រឹងមូលដ្ឋាន គឺពីក្រោម ឡើងមកលើ មូលដ្ឋាននៃការ និងការផ្តល់ការពព្យាបាលជំងឺទូទៅ គឺពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការគិតគូរពីសុខភាពមនុស្ស គឺជាកិច្ចការងារសំខាន់ ដោយត្រូវគិតពីបរិមាន និងគុណភាព ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស លើវិស័យសុខាភិបាលនេះ ជាគោល ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹងក្រមប្រតិបត្តិ ជាពិសេស អ្នកផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ។

សម្តេចធិបតី បានរំលឹកថា កាលពីថ្ងៃមុន សម្តេច បានបើកកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសំណូមពរពីប្រជាពលរដ្ឋ ដោយស្នើសុំឱ្យក្រសួងសុខាភិបាល ពន្យល់ ឱ្យបានច្បាស់ថា តើកម្រិតណា នៃការផ្តល់សេវាសុខាភិបាល នៅតាមផ្ទះ ពីព្រោះកន្លែងខ្លះ គឺកម្រិតនៃការបើកអាជីវកម្ម ត្រឹមតែបន្ទប់ពិគ្រោះយោបល់ តែអត់មានលក្ខខណ្ឌ តម្រូវឱ្យអ្នកជំងឺស្នាក់នៅ ប៉ុន្តែ បែរជាផ្តល់សេវាស្នាក់នៅ និងព្យាបាលជំងឺទៅវិញ។ ដូច្នេះ ត្រង់ចំណុចនេះ សូមក្រសួងសុខាភិបាល ត្រូវ កំណត់ឱ្យបានច្បាស់ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យច្បាស់លាស់។

សម្តេចនាយករដ្ឋមន្ត្រី ក៍បានជំរុញឱ្យធ្វើទំនើបកម្ម ក្នុងការពិគ្រោះយោបល់ព្យាបាល ឬវះកាត់ប្រជាពលរដ្ឋ ដែលមានជំងឺនៅតាមបណ្ដាខេត្ត ឱ្យបានទាន់ពេលវេលា ក្នុងនោះ ក្រសួងសុខាភិបាល ត្រូវសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅធ្វើយ៉ាងណា ផ្ដល់សេវាល្អ ព្យាបាល ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងស្នើឱ្យក្រសួងសុខាភិបាល ត្រូវគិតគូរលើផ្នែកពាក់ព័ន្ធទាំងអស់ ទើបការព្យាបាល មានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការពង្រឹកវិស័យសុខាភិបាល ត្រូវផ្ដោតលើការយកចិត្តទុកដាក់ មុខព្រួញធំៗចំនួន ៤ គឺ ទី១៖ ហេដ្ឋារចនាសម្ព័ន្ធ, ទី២៖ ការបំពាក់ឧបករណ៍ សម្ភារបរិក្ខារពេទ្យទំនើប, ទី៣៖ ថ្នាំសង្កូវ និងទី៤៖ គឺមនុស្ស។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី ចង់ឃើញប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា មានអគារ មានថ្នាំសង្កូវ មានសម្ភារប្រើប្រាស់ និងមានគ្រូពេទ្យមាន សមត្ថភាពខ្ពស់ ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner