អគ្គនាយករដ្ឋាករទឹកបាត់ដំបង ពន្លឿនការអនុវត្តគម្រោង​នៅស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតទី៣

បាត់ដំបង៖ក្នុងន័យពន្លឿនការអនុវត្តគម្រោងសាងសង់​ស្ថានីយ​ទឹកស្អាតទី៣ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់
ដំបង​និងលោក ប៉ុក ចាន់ មន្ត្រីបច្ចេកទេសអគ្គនាយកដ្ឋាន​ទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងជាតំណាងឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការនិងជា​នាយកគម្រោង (PMU) ព្រមទាំងក្រុម​ការងារ​ពាក់ព័ន្ធបានអញ្ជើញ​ពិនិត្យពីវឌ្ឍនភាពការងារក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យនៅក្នុងខេត្តបាត់​ដំបង ។

ខេត្តបាត់ដំបងបាននិងកំពុងដំណើរការសាងសង់ស្ថានីយបូមទឹកឆៅមួយកន្លែងទៀត ជាស្ថានីយទឹកស្អាតទី៣ ស្ថិត​នៅភូមិ​កំពង់សីមា សង្កាត់វត្តគ ក្រុងបាត់ដំបង ។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះមាន​សមត្ថភាពផលិត៥០ ០០០ ម៉ែត្រ​គូបក្នុង​មួយ​ថ្ងៃ និងមានទីតាំង​នៅភូមិកំពង់សីមា សង្កាត់វត្តគ ក្រុងបាត់ដំបង ។ជាមួយការសាង​សង់រោងចក្រ ក៏មាន​ការ​ពង្រីក​​បំពង់មេទឹកស្អាតប្រវែង ៩៤គីឡូម៉ែត្រ ។

ការអញ្ជើញពិនិត្យវឌ្ឍនភាពកាលពីថ្ងៃទី៩ ខែធ្នូរបស់មន្រ្តីជាន់ខ្ពស់​អគ្គនាយករដ្ឋាករទឹក និងមន្រ្តីជាន់ខ្ពស់ក្រសួង​ឧស្សា ហកម្ម​​ ដើម្បី​ស្វែងរកដំណោះស្រាយក្នុងការជំរុញការងារនៃការអនុវត្តគម្រោងខាងលើ ឱ្យបានលឿនឆាប់រហ័ស ដើម្បី ឈានទៅ​បញ្ចប់​គម្រោងដែល​បានកំណត់ទុក។នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយក​រដ្ឋាករទឹក​បាត់ដំបង។

ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបងបានឱ្យដឹងថា តាមការវាយ​តម្លៃលទ្ធផលការងារអនុវត្តគម្រោងជាក់ស្តែង គម្រោង​ទើបតែ​សម្រេចបានក្នុងរង្វង់តែ៥៤ % ។ក្រុមហ៊ុនត្រូវបន្តអនុវត្តការងារមួយ​ចំនួនដូចជា ការបំពាក់ និង​ដំឡើង​បរិក្ខា​ផលិតកម្ម ប្រព័ន្ធ​អគ្គិសនី តំណភ្ជាប់នានារវាងអាងប្រព្រឹត្តកម្មទឹកស្អាត ការសាងសង់​សំណង់ស្ថានីយ​បូមនៅ​ក្នុងស្ទឹង​បង្ហើយ ការដំឡើងបំពង់មេញ្ជូន​ទឹកស្អាត និងទឹកឆៅ ការដំឡើងបំពង់ទឹកឆ្លងកាត់ស្ទឹងជាដើម ។

រោងចក្រទឹកស្អាតទី៣របស់ខេត្តបាត់ដំបងនេះ អាចនិយាយបានថា ជាស្ថានីយផលិតទឹកស្អាតធំជាងគេនៅក្នុងខេត្តជង្រុក
ស្រូវ​និង​រមណីយដ្ឋានទេសចរណ៍មួយនេះ ។ឯកឧត្តម  អ៊ុត ក្លឹង បានគូសបញ្ជាក់​ការអភិវឌ្ឍ​រោងចក្រផលិតទឹកស្អាតខ្នាត​ធំនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋនិងតម្រូវការទឹកស្អាត។ពិសេសស្របនឹងការអភិវឌ្ឍក្រុង​និងប្រជុំជន​នានា ជាងនេះគឺលើកកម្ពស់សុខភាពសាធារណៈ ឆ្លើយតបនឹងយុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ដែលមានសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានកំណត់​អាទិភាព​គន្លឹះចំនួន៥ គឺធនធាន​មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តម  អ៊ុត ក្លឹង បានបន្ថែមថា រោងចក្រផលិតទឹកស្អាតថ្មីមួយនេះ​បូកនិងរោងចក្រផលិតទឹកស្អាតដែល​បាននិងកំពុង​ដំណើរការ រដ្ឋាករទឹកបាត់ដំបងនឹងមានសមត្ថភាពផលិតកើនដល់ទៅ ៨៣.៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃ និង បំពង់បណ្តាញ​ទឹកស្អាត មាន​ប្រវែងសរុប ៩២២គីឡូម៉ែត្រ ដែលមានវិសាលភាពគ្រប​ដណ្តប់​យ៉ាងទូលំទូលាយ ក្នុងការផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែក្នុងដែន​សេវាកម្មអាជ្ញាបណ្ណនៃរដ្ឋាករទឹកបាត់ដំបងផ្ទាល់នោះទេ គឺ អាចមានលទ្ធភាពចែកចាយនៅតាម​តំបន់​ខាងក្រៅផ្សេងៗ​ទៀតដែលស្ថិតកៀក នៅក្បែរជុំវិញនោះទៀតផង៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner