អ្នកវិទ្យាសាស្រ្តអឺរ៉ុបចាត់ទុកឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាមនុស្សជាតិ

ព្រុចសែល ៖ ឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងក្លាយជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតរបស់ពិភពលោក ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ហើយសីតុណ្ហភាពខ្ពស់ខុសធម្មតា នឹងបន្តកើតមានក្នុងពេលពីរបីខែដំបូងនៃឆ្នាំ២០២៥។ នេះបើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្តអឺរ៉ុប ដែលត្រូវបានដកស្រង់ចេញផ្សាយសារព័ត៌មាន France24។

ការព្រមានរបស់អ្នកវិទ្យាសាស្រ្តអឺរ៉ុប ធ្វើឡើងបន្ទាប់ពីអាកាសធាតុអាក្រក់ៗបានវាយប្រហារជុំវិញពិភពលោកក្នុងឆ្នាំ២០២៤នេះ ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរបានវាយលុកអ៊ីតាលី និងអាមេរិកខាងត្បូង ហើយទឹកជំនន់ទ្រង់ទ្រាយធំបានវាយប្រហារនៅនេប៉ាល់ ស៊ូដង់ និងអឺរ៉ុប។

បន្ថែមលើនេះ រលកកម្ដៅក៏បានវាយប្រហារនៅម៉ិកស៊ិក ម៉ាលី និងអារ៉ាប៊ីសាអ៊ូឌីតផងដែរ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងគ្រោះមហន្តរាយព្យុះសង្ឃរាដ៏ខ្លាំងក្លាវាយលុកសហរដ្ឋអាមេរិក និងហ្វីលីពីន។

កាសែតរ៉យទ័របានរាយការណ៍ថា ផ្អែកតាមទិន្នន័យពីខែមករា ដល់ខែវិច្ឆិកា បានបង្ហាញថា ឥឡូវនេះឆ្នាំ២០២៤ គឺជាឆ្នាំមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា ហើយជាឆ្នាំទីមួយដែលសីតុណ្ហភាពជាមធ្យមក្នុងពិភពលោកហក់ឡើងដល់ ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្មឆ្នាំ១៨៥០-១៩០០។

រហូតមកទល់ពេលនេះ ឆ្នាំមានសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាមនុស្សជាតិ គឺឆ្នាំ២០២៣។ នេះបើតាមទិន្នន័យពីសេវាបម្រែបម្រួលអាកាសធាតុ ហៅកាត់ថា C3S របស់សហភាពអឺរ៉ុប។

ឆ្លើយតបនឹងវិបត្តនេះ កិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានផ្តល់កិច្ចព្រមព្រៀងចំនួន ៣០០ពាន់លានដុល្លារ ដើម្បីដោះស្រាយប្រែប្រួលអាកាសធាតុ ជាកញ្ចប់ថវិកាដែលបណ្ដាប្រទេសក្រីក្របានរិះគន់ថា មិនគ្រប់គ្រាន់ចំណាយលើការខូចខាតដោយសារគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ៕

ប្រភព ៖ France24 ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner