ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចមានថវិកាច្រើន តែមានទំហំមហាសាល សម្រាប់សុខុមាលភាពប្រជាជន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង​ពិធី “បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ទំហំនៃការវិនិយោគ នៃការ​សាង​សង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យពេលនេះ អាចមានទំហំថវិកាច្រើន តែរាជរដ្ឋាភិបាល បានតម្កល់ផលប្រយោជន៍ដែលទទួល ពីការវិនិយោគនេះ មានទំហំមហាសាល សម្រាប់បម្រើដល់​សុខមាលភាពប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបានចាត់ទុកមូលធនមនុស្ស គឺជាទ្រព្យសកម្មដ៏ធំរបស់សង្គមជាតិ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា គោលដៅរបស់រាជរដ្ឋាភិបាល​គ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១/ ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវា​នៅ​​មណ្ឌល​​​សុខ​ភាព និងមន្ទីរពេទ្យ, ២/ អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធន​ធាន​​មនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការ​គំរាមកំហែងសុខភាព​សាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច​ដំណើរ​ការមុខងារស្ថាប័ន និង៣/ កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន​ដើម្បី​ធានា​​ឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និង​ប្រសិទ្ធ​ភាពខ្ពស់។

ជាមួយគ្នានេះ, សម្តេចធិបតី បានគូសបញ្ជាក់ថា ត្រូវរក្សាគោលការណ៍បច្ចេកទេស ឈរលើគុណភាព, សុខភាព និងការទទួលខុសត្រូវ។ ក្នុងន័យនេះ ត្រូវមានស្វ័យត្រួតពិនិត្យ ដោយខ្លួនឯង ហើយរាជរដ្ឋាភិបាលនឹងលើកទឹកចិត្ត។ ផ្ទុយទៅវិញ, ក្នុងករណីរកឃើញថាមានបញ្ហា ដែលនឹងនាំឱ្យ​ប៉ះពាល់ដល់សុខភាពសាធារណៈ, រាជរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ ដែលក្នុងនោះ រាប់ទាំងការបិទអាជីវកម្មផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកបន្ថែមអំពី កត្តាធំៗ​ដែលត្រូវយកចិត្ត​ទុក​ដាក់ក្នុងការពង្រឹងវិស័យ សុខាភិបាល និងលើកកម្ពស់គុណ​ភាព និងសុខភាព៖ ១/ ពង្រឹង​ហេរដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត, ២/ បំពាក់ឧបករណ៍ សម្ភារឱ្យកាន់តែទំនើប, ៣/​ ថ្នាំសង្កូវ និង៤/ មនុស្ស​ទាំងបរិមាណ​ និងគុណភាព។ ក្នុងរយៈពេលជាង ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យើង​បាន​សម្ពោធនូវសមិទ្ធផលជាច្រើន ហើយបន្តកសាងបន្ថែម, ទំនើបកម្មសម្ភារ, បង្កើនក្រុមសីលធម៌ និង​វិជ្ជាជីវៈ, ពង្រឹងភាពជាដៃគូ និងជំរុញការពង្រីកសេវា និងពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ដល់ ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល ​ទាំង​រដ្ឋ និងឯកជនដូចជា៖

១/ ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ តាមរយៈការបន្ត​អភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល ។

២/ ត្រូវបន្តពង្រឹង​កម្មវិធីសិក្សា និងបំផុសឱ្យនិស្សិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យអភិវឌ្ឍចំណេះដឹងជាប់​ជាប្រចាំ ។

៣/ ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាពសេវានៅមូល​ដ្ឋាន សុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្តចំពោះសេវាសុខាភិបាលរបស់​អ្នកជំងឺ ឬអតិថិជន ។

៤/ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា, ជាអ្នកស្រាវជ្រាវ និង​ជា​អ្នកបណ្តុះនូវនវានុវត្តន៍ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំទាំងចំណេះដឹង, វិធីសាស្ត្រ​បង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ។

៥/ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្ត ទុកដាក់បន្ថែមទៀតលើការពង្រឹងការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នក​ប្រកបវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល និងលិខតបទដ្ឋានគតិយុត្ត ជាធរមាន ព្រមទាំងពិនិត្យកែសម្រួល ឬបង្កើតថ្មី នូវលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាពនៃសភាពការសង្គម និងឌីជីថល​ភាវូបនីយកម្ម ។

៦/ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ចិកាក្នុងគណៈវិជ្ជាជីវៈសុខា​ភិបាល និងមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌ ។

៧/ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរដោយប្រកាន់ខ្ជាប់គ្រប់ពេល​វេលានូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន ដោយភាពស្មោះត្រង់ ។

៨/ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner