កម្ពុជា ឡាវ និងវៀតណាម សហការគ្នា រៀបចំរត់ម៉ារ៉ាតុងឥណ្ឌូចិនជំរុញវិស័យទេសចរណ៍

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កម្ពុជាបានប្រកាសរៀបចំរត់ម៉ារ៉ាតុងឥណ្ឌូចិន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសន្ទុះខ្លាំង។

ព្រឹត្តិការណ៍ Angkor Wat Indochine International Marathon គឺកម្ពុជា បានសហការជាមួយប្រទេសវៀតណាម និងឡាវ ។

នេះបើយោងតាមប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ថ្លែងបញ្ជាក់ ក្នុងសន្និសិទសារព័ត៌មាន ប្រកាសការរៀបចំព្រឹត្តិការណ៍ Angkor Wat Indochine International Marathon នាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើ បានថ្លែងថា បច្ចុប្បន្ន ទិវារត់ប្រណាំងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់។ ជាពិសេសសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការអភិវឌ្ឍវិស័យកីឡាទេចរណ៍ ពីព្រោះវិស័យកីឡាទេសចរណ៍បានជួយដល់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅថា រាល់ព្រឹត្តិការណ៍អន្តរជាតិធំៗ សុំឲ្យរុញទៅរៀបចំនៅអង្គរវត្ត។ ដូច្នេះការផ្តល់អនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺយើងរុញព្រឹត្តិការណ៍កីឡាអន្តរជាតិទាំងអស់ទៅខេត្តសៀមរាបក្នុងឆ្នាំនេះ។ ពីព្រោះជាឆ្នាំចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផ្តោតទៅលើការទាក់ទាញភ្ញៀវទេសចរឲ្យកើនឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិនគឺរំពឹងទទួលបានអ្នកចូលរួមប្រមាណ ៩០០០នាក់មកពីជុំវិញពិភពលោក។ ជាពិសេសផ្លូវរត់ត្រូវបានកំណត់ស្តង់ដា ឆ្លងកាត់តំបន់បុព្វបុរសខ្មែរបុរាណនានាដូចជាតំបន់ប្រាសាទអង្គរវត្ត អង្គរធំ តាព្រហ្ម និងតំបន់ប្រាសាទជាច្រើនដើម។ វានឹងក្លាយជាព្រឹត្តិការណ៍រត់ដ៏អស្ចារ្យប្រមូលផ្តុំដោយអត្តពលិកអាជីព និងស្ម័គចិត្តមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងមកពីបណ្តាប្រទេសផ្សេងៗ។

ជាពិសេស កីឡាករ កីឡាការិនីនឹងប្រជែងយកចំណាត់ថ្នាក់ដើម្បីទទួលបានប្រាក់រង្វាន់ធំរហូតដល់ ១៥០ ០០០ដុល្លារអាមេរិក។

ព្រឹត្តិការណ៍«រត់ម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន-អង្គរវត្ត» ត្រូវបានកំណត់ការប្រកួតជាពីរកម្រិតគឺការប្រកួតកម្រិតអាជីព និងកម្រិតមិនអាជីព។ វិញ្ញាសាមាន៤គឺ ចម្ងាយ៤២គីឡូម៉ែត្រ ចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ៥គីឡូម៉ែត្រ។

នេះជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងពេញអន្តរជាតិទី២ ដែលរៀបចំប្រចាំឆ្នាំនៅកម្ពុជា បន្ទាប់ពីរត់ម៉ារ៉ាតុងពេញអន្តរជាតិ ទី១ដែលរៀបចំក្នុងខែសីហា។ ក្រៅពីនោះគឺព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិដែលមានវិញ្ញាសាឆ្ងាយបំផុតត្រឹមតែ២១គីឡូម៉ែត្រដូចជា រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ដើមខែធ្នូ រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ រៀបចំក្នុងខែមុថិនា និង រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិព្រះសីហនុ រៀបចំដើមឆ្នាំ៕

ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner