VinFast សង់រោងចក្រទី២ រំពឹងផលិតឡានអគ្គិសនីបាន ៣០ម៉ឺនគ្រឿងមួយឆ្នាំ

ហាណូយ ៖ ក្រុមហ៊ុនវៀតណាម Vingroup ដែលជាមេធំរបស់ Vinfast នឹងចាប់ផ្តើមសាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងស្រុកទី២ ដោយផែនការនេះគ្រោងចំណាយលុយដល់ទៅ ២៩០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។

រោងចក្រថ្មីរបស់ Vinfast នេះ នឹងមានទីតាំងស្ថិតនៅខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម ដោយផ្តោតជាចម្បងលើការផលិតឡានម៉ូដែល VF 3 និង VF 5 ជាម៉ាករថយន្តពេញនិយមបំផុតរបស់ Vinfast ដើម្បីចែកចាយលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ក្រុមហ៊ុន VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងថ្មីនេះ នឹងចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ហើយរំពឹងថា នឹងចំណាយពេលដល់ទៅជាង ៨ខែ។

យោងតាមការរំពឹងទុក រោងចក្រទី២នេះ នឹងជួយបង្កើតការងារថ្មីបានចំនួន ៦,០០០កន្លែង ជាមួយនឹងលទ្ធភាពផលិតឡានអគ្គិសនីបានរហូតដល់ ៣០០,០០០គ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង ហើយអាចនឹងកើនឡើងទ្វេដងក្នុងដំណាក់កាលបន្ទាប់។

ក្រុមហ៊ុនផលិតឡានអគ្គិសនីកំពូលរបស់វៀតណាមមួយនេះ បានកំណត់គោលដៅចែកចាយឡានសរុបចំនួន ៨០,០០០គ្រឿងក្នុងឆ្នាំ ២០២៤ ខណៈត្រឹមរយៈពេល ៩ខែដំបូង Vinfast បានចែកចាយឡានជាង ៤៥,០០០គ្រឿងទូទាំងពិភពលោក កើនឡើងប្រហែល ៥៥% នៃគោលដៅសរុបចំនួន ៨០,០០០គ្រឿងក្នុងឆ្នាំនេះ៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner