ទូតវៀតណាមចប់អាណត្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រេីនដែលកម្ពុជា សម្រេចបាន
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន នូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជា រក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធានាបាន នូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិ សំខាន់ៗនាពេលថ្មីៗ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ សម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១(IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ជាដេីម ដែលធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចត្រដែតឡេីងបន្ថែមទៀត នៅលើឆាកអន្តរជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ក្នុងអាណត្តិបេសកកម្មការទូត របស់ឯកឧត្តម ដែលបានចូលរួមចំណែកពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។
សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ហើយការរក្សាបាននូវការជួបប្រាស្រ័យទាក់ទង រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងប្រជាជន និងប្រជាជន នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត នឹងចូលរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត ។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិ ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិនិងសន្ដិសុខ, ទេសចរណ៍, អប់រំ, វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ