រដ្ឋបាលខេត្តបាត់ដំបងអនុស្សរណៈជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការស្ដីពីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក)កាលពីថ្ងៃទី៩ ខែធ្នូបានចុះ ហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។ពិធីបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.កនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌។
តាមស្មារតីអនុស្សរណៈរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងន័យដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការណ៍នេះដើម្បីជួយគ្នាក្នុងការដោះស្រាយទំនាស់នានានិងដើម្បីទប់ស្កាត់កុំឱ្យទំនាស់ដែលបានដោះស្រាយរួចកើតឡើងវិញសារជាថ្មី ។ នេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យយុត្តិធម៌និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទាក់ទងនឹងអនុស្សរណៈនេះដែរ ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការអ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កិច្ចការនេះមិនមែនទៅជំនួស ឬក៏លុបបំបាត់យន្តការដែលមានស្រាប់នោះទេ។ អ្វីដែលរដ្ឋបាលខេត្ត- ក្រុង ស្រុក ឃុំ-សង្កាត់ ធ្លាប់ធ្វើពីមុនមក គឺនៅតែបន្តការងាររបស់ខ្លួនដដែល។ ប៉ុន្តែយន្តការថ្មីនេះគឺបង្កើតឡើងដើម្បីគាំទ្រ និងបំពេញបន្ថែមទៅលើយន្តការដែលមន្រ្តីដែលកំពុងបំពេញការងារនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា និងទទួលបានជំនឿទុកចិត្ត ពីសាធារណជន។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងភាពឆាប់រហ័សនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនិងក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដីនិងដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.