មេដឹកនាំសម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករនិយោជិត កុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស
ភ្នំពេញ៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិ បានអំពាវនាវទៅដល់កម្មករនិយោជិតកុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស និងកុំចូលរួមរាល់សកម្មភាពញុះញង់ណាមួយដែលបង្កអស្ថេរភាព អសន្តិសុខសង្គម ដែលបង្កឡើងដោយក្រុមចលនារបស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ថា ថ្មីៗនេះបានឮនូវព័ត៌មានមួយចំនួនដែលទណ្ឌិត សម រង្ស៊ី បានបង្កនៅបញ្ហាជាច្រើនដែលមិនអាចអត់ឱនឱ្យបាន។ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី បានបង្កនូវបញ្ហាជាច្រើន ដូចជាកន្លងមកនេះបានបំផ្លាញនូវ EBA ធ្វើយ៉ាងណាឱ្យគេផ្តាច់ EBA ពីប្រទេសកម្ពុជា ធ្វើឱ្យកម្មករបាត់បង់ការងារធ្វើជាច្រើន។ ក្រុមចលនារបស់ទណ្ឌិត សម រង្ស៊ី បានបំភ្លៃនៅការពិតជាច្រើនដែលប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតកំពុងតែមមារញឹកនឹងការងារ និងកំពុងតែរស់នៅក្នុងសុខសន្តិភាព ក៏ដូចជាសុខដុមរមនីយកម្មនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប។
ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា “យើងពេលនេះ កំពុងតែមានការរីកចម្រើនខ្លាំង ហើយក្រុមចលនាមួយចនេះមិនសុខចិត្តនោះទេ នៅពេលដែលឃើញប្រទេសជាតិរីកចម្រើនស្ទើរតែគ្រប់វិស័យ ក៏ដូចជាបងប្អូនកម្មករនិយោជិតកំពុងតែមានការងារធ្វើយ៉ាងសស្រាក់សស្រាំ”។
ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវដល់កម្មករនិយោជិតសូមកុំចូលរួមរាល់សកម្មភាពញុះញង់ណាមួយដែលបង្កអស្ថេរភាព អសន្តិសុខសង្គម និងកុំជឿតាមការឃោសនា កុំជឿតាមការញុះញង់របស់ក្រុមទណ្ឌិត សម រង្ស៊ី៕
ដោយ៖ពលជ័យ