ខ្លាឃ្មុំតូច ជាសត្វអៀនខ្មាស់ច្រើន និង កំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់
(ភ្នំពេញ)៖ ខ្លាឃ្មំតូច (Helarctos malayanus) គឺជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេក្នុងចំណោមប្រភេទសត្វខ្លាឃ្មុំទាំងអស់នៅក្នុងពិភពលោក ហើយវាប្រៀបដូចជាត្បូងដ៏អាថ៌កំបាំងនៅក្នុងព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង បូករួមទាំងដែនជម្រកសត្វព្រៃលំផាត់ក្នុងប្រទេសកម្ពុជាផងដែរ ។
ខ្លាឃ្មុំតូច អាចរស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ។ សត្វប្រភេទនេះពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។
ប្រភេទចំណីអាហាររបស់វា មានដូចជា រុក្ខជាតិសត្វល្អិតផ្លែឈើ ឃ្មុំ ព្រួត ម្រោម និង រហូតដល់ប្រភេទថនិកសត្វតូចៗ និងសត្វល្មូនជាដើម។ ហើយវាជាសត្វឆ្លាតវៃ និងមានភាពខ្មាស់អៀន ដែលជារឿយៗតែងគេចមុខមិនងាយឱ្យយើងបានឃើញវាឡើយ ដែលនេះធ្វើឱ្យយើងមានការពិបាកក្នុងការប៉ាន់ស្មានពីចំនួនរបស់ពួកវា ។
ទីភ្នាក់ងារជំនួយអាមេរិក USAID ឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ថា តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វខ្លាឃ្មុំតូចកំពុង មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ ។
ខ្លាឃ្មុំតូចក៏ជាប្រភេទសត្វដែលមានការសម្របខ្លួនខ្ពស់ផងដែរ ទោះបីជាយ៉ាងនេះក៏ដោយ វាក៏កំពុងតូចប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ខុសច្បាប់សម្រាប់ការជួញដូរសត្វព្រៃ។ តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សដ៏សំខាន់កំពុងដំណើរការដើម្បីការពារខ្លាឃ្មុំដ៏ពិសេសទាំងនេះ និងជម្រករបស់ពួកវាសម្រាប់មនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ផងដែរ ។
ជាទូទៅខ្លាឃ្មុំតូច ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ ហើយកូនរស់នៅជាមួយមេរហូតដល់ពេញវ័យ។ ភិនភាគរបស់ខ្លាឃ្មុំតូច វាជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក ដែលមានទម្ងន់ពី ២៧-៦៥គីឡូក្រាម ៕
ដោយ ៖ ម៉ាដេប៉ូ