ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា រយៈពេលបួនថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ
“ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤” ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម”(Trade Renaissance) នឹងប្រារព្ធរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ។សូមជម្រាបថា ព្រឹត្តិការណ៍”ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” គឺជាការប្តូរឈ្មោះពី”ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល”ដែលក្រសួងពាណិជ្ជកម្មបានប្រារព្ធចាំចាប់តាំងពីឆ្នាំ២០០៦ មក។
ខណៈជំរុញវឌ្ឍនភាពការងាររៀបចំពិព័រណ៍ដ៏ធំនេះកាលពីថ្ងៃទី១០ ខែធ្នូនៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីក្នុងការចូលរួម«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE)។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបានបង្ហាញពីកាលវិភាគ បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការចូលរួម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»(CTE) និងមានការលើកឡើងជាសំណួរផ្សេងៗពីបងប្អូនពាណិជ្ជករ/អាជីវករ អំពីការរៀបចំស្តង់ ការផ្សព្វផ្សាយ ការលក់ និងការស្វែងរកដៃគូអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍។
ក្រសួងពាណិជ្ជកម្មបានបរិយាយថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៤ក្រោមមូលបទ”យុគសម័យនៃពាណិជ្ជកម្ម” គឺដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ កម្មវិធីនេះនឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ចនិង វិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រី។ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨ យប់ជារៀងរាល់ថ្ងៃ ដោយផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកទស្សនា និងអ្នកតាំងពិព័រណ៍ដើម្បីទទួលបានការផ្តល់ជូនដ៏សម្បូរបែប។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មាន ស្ដីពីការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)»កាលពីថ្ងៃទី៩ ខែធ្នូ នៅទីស្ដីការក្រសួងបានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងផ្តល់ឱកាសក្នុងការដាក់តាំងបង្ហាញផលិតផលសក្តានុពលជាច្រើនមុខរបស់កម្ពុជា ក៏ដូចជាបង្ហាញពីរបត់នៃការធ្វើពាណិជ្ជកម្មក្នុងយុគសម័យថ្មីតាមប្រព័ន្ធឌីជីថល ដែលជាឱកាសច្បាមយកការពង្រីកទីផ្សារបន្ថែម ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី។
ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងមានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស។ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិផងដែរ។
ឯកឧត្តមអ្នកនាំពាក្យ បន្តថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាស និងឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញសកម្មភាពការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការសាងបណ្តាញរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិអ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រៅពីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ ថ្ងៃទី១-វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ, ថ្ងៃទី២-វេទិកាពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-កូរ៉េ, ថ្ងៃទី៣-កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, ថ្ងៃទី៤-វេទិកាស្តីពីការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រីខា្នតតូចនៅខាងមុខសាលរៀបចំពិព័រណ៍ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង៨៖០០យប់ ដើម្បីបង្កើនភាពទាក់ទាញនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ ដែលមានការសម្តែងបែបប្រពៃណី ការសម្តែងបែប Acoustic និងការប្រគំតន្ត្រីសម័យជាដើម។
ពិព័រណ៍នេះគ្រោងនឹងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។ អំឡុងពេលបួនថ្ងៃ នៃការតាំងពិព័រណ៍ និងកម្មវិធីអមនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា។
សូមរំលឹកថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល» និងបានរៀបចំធ្វើរៀងរាលពាក់កណ្ដាលខែធ្នូចាប់តាំងពីឆ្នាំ២០០៦មក។ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CTE ក្នុងគោលបំណងធ្វើឱ្យពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញងាយស្រួលចងចាំ។ ឆ្លុះបញ្ចាំងពីគោលគំនិតឧត្ដមភាព និងប្រកបដោយភាពទាក់ទាញ ក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់រវ៉ើក និងការយកចិត្តទុកដាក់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់៕
ដោយ៖មុនី