កយកាប្រចាំកម្ពុជាគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាសម្រាប់ឆ្នាំ២០២៦
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យលោកស្រី ឆយ មូនជុង (Choi Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឬកយកា(KOICA )ប្រចាំកម្ពុជានិងមន្ត្រីជំនាញជាន់ខ្ពស់កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើសំណើគម្រោងស្តីពីការពង្រឹង សមត្ថភាពមន្រ្តីនគរបាលកម្ពុជាលើជំនាញវិភាគកន្លែងកើតហេតុ និង វិទ្យាសាស្រ្តកោសល្យវិច័យ ដែលជាគំនិតផ្តួចផ្តើមថ្មីសម្រាប់ ឆ្នាំ២០២៦ ដែលស្នើសុំដោយក្រសួងមហាផ្ទៃ។
សំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំការគាំទ្រនិងឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េមានគោលដៅពង្រឹងសេវាសន្តិសុខសាធារណៈដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ(២០២៦-២០៣០)និងមានថវិកាជាង១០លានដុល្លារអាមេរិក ។ជាគម្រោងថ្មីទីមួយ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កយកាប្រចាំកម្ពុជាបានឱ្យដឹងថា ទាក់ទងនឹងសំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ភ្នាក់ងារកយកា ប្រចាំកម្ពុជាបានបញ្ជាក់ថា នេះជា សំណើគម្រោងថ្មី ដែលសុំការគាំទ្រ និងជួយឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅពេលនេះ មានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពទាំងស្ថាប័ននគរបាលនិងមន្រ្តីនគរបាលកម្ពុជាលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ និងវិទ្យាសាស្រ្តកោសល្យវិច័យ ជាពិសេសលើការប្រមូលនិងរក្សាទុកភស្តុតាង ការកំណត់អត្តសញ្ញាណជនល្មើស ការទប់ស្កាត់ឧក្រិដ្ឋ កម្ម ការអប់រំនិងបណ្តុះបណ្តាល និងការស្រាវជ្រាវលើជំនាញ វិទ្យាសាស្រ្តនគរបាល។ ផលជះនៃគម្រោងនេះ នឹងរួមចំណែក ក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស លើផ្នែកសន្តិសុខសាធារណៈ ដែលជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអភិវឌ្ឍ។លើសពីនេះទៅទៀត គម្រោងនេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាផងដែរ។
នេះជាគម្រោងទីមួយដែលមិនធ្លាប់មាននាពេលកន្លងមក”។គម្រោង ថ្មីមានគោលដៅពង្រឹងសេវាសន្តិសុខសាធារណៈ ដែលនឹង ត្រូវ អនុវត្តក្នុងរយៈពេល៥ឆ្នាំ (២០២៦-២០៣០) និងមានថវិកាជាង ១០លានដុល្លារ។ប៉ុន្តែរយៈការសិក្សាដោយអ្នកជំនាញ កូរ៉េគម្រោង នេះត្រូវការប្រមាណជាង១៣លានដុល្លារ ហើយកយកា បានគាំទ្រ ផងដែរ។
ប្រភពកយកា បន្ថែមថា គម្រោងនេះមាន៖ គម្រោងផ្តោតលើ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្រ្តកោសល្យវិច័យ តាមរយៈ ការកសាងមន្ទីរពិសោធន៍សំខាន់ៗមានដូចជា មន្ទីរពិសោធន៍វិភាគDNA មន្ទីរពិសោធន៍វិទ្យាសាស្រ្តកោសល្យវិច័យ មន្ទីរពិសោធន៍កោសល្យវិច័យឌីជីថល មន្ទីរពិសោធន៍ចិត្តវិទ្យាព្រហ្មទណ្ឌ មន្ទីរពិសោធន៍កំណត់អត្តសញ្ញាណនិងវិភាគស្នាមម្រាមដៃ មន្ទីរពិសោធវិភាគភស្តុតាង។គម្រោងផ្តោតលើការបំពាក់ឧបករណ៍ពិសោធន៍ទំនើបៗ សម្រាប់មន្ទីរពិសោធន៍ខាងលើ។ ផ្តោតលើការពង្រឹងសមត្ថភាពមន្រ្តីនគរបាលក្នុងការស៊ើបអង្កេតនិងវិភាគកោសល្យវិច័យ និង គម្រោងផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាលនិងការស្រាវជ្រាវេលើជំនាញស៊ើបអង្កេត ការវិភាគនិងវិទ្យាសាស្រ្តកោសល្យវិច័យ រួមបញ្ចូលទាំងការបណ្តុះបណ្តាលគ្រូបង្គោល។
ប្រភពដដែលបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សាការងារ លោកស្រីនាយិកាប្រធានកយកា និងអ្នកមន្រ្តីជំនាញកូរ៉េ បានឯកភាពគាំទ្រលើសំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ។ជាមួយគ្នានេះផ្អែកលើលទ្ធផលនៃការសិក្សាលទ្ធភាពគម្រោង កយកាប្រចាំកម្ពុជានឹងដាក់គម្រោងនេះដើម្បីសុំការអនុម័តគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦ របស់កយកា។កយកាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការ អភិវឌ្ឍនៅកម្ពុជា និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអ្នកសម្របសម្រួលគម្រោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កយកា ប្រចាំកម្ពុជាចំពោះការគាំទ្រដល់សំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីនគរបាលកម្ពុជាលើជំនាញដ៏សំខាន់នេះ។ក្រសួងមហាផ្ទៃនឹងខិតខំសម្របសម្រួលនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជានិងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការគ្នាប្រើប្រាស់ឧបករណ៍មន្ទីរពិសោធខាងលើឱ្យអស់ពីលទ្ធភាពនិងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖គ្រីសម្បត្តិ