សមាគមពាណិជ្ជករគ្រឿងអលង្ការចាប់ដៃធនាគារ ABA លើកកម្ពស់ការទូទាត់ប្រាក់ និងអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូងកម្ពុជា
ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដែលពិធីនេះរៀបចំឡើងនៅការិយាល័យកណ្តាលធនាគារ ABA។

លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យ គ្រឿងអលង្ការ និងត្បូងកម្ពុជា មានភាពងាយស្រួលក្នុងទូទាត់ប្រាក់របស់ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា។

លោកជំទាវបន្តថា សមាជិក សមាជិការរបស់សមាគមនឹងបានទទួលនូវសិទ្ធិក្នុងការសម្របសម្រួលបើកគណនីធនាគារជាមួយនឹងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីការការពារទូទាត់ប្រាក់របស់ ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា ដោយទំនុកចិត្ត ដូចពាក្យស្លោក(កសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ) ។

នាឱកាសនោះដែរ លោក ASKHAT AZHIKHANOV នាយកប្រតិបត្តិ នៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) បានសំដែងនូវកិច្ចស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងថ្ងៃចុះអនុស្សរណៈនៃការយោគយល់គ្នា ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។

លោកបន្តថា លោកគាំទ្រក្នុងការបើកគណនីជូនដល់សមាជិកសមាជិការបស់សមាគមលក្ខណៈជាក្រុមហ៊ុនគ្រឿងអលង្ការ និងឯកត្តបុគ្គល។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិបានថ្លែងអំណរគុណដល់លោកជំទាវប្រធានសមាគម ក្រុមប្រឹក្សាភិបាលសមាគម និងសមាជិកសមាជិការបស់សមាគម ដែលបានផ្តល់សេចក្តីជឿជាក់ និងមានទំនុកចិត្តមកធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ដោយលោកសន្យាថា នឹងខិតខំពង្រឹងសេវាជូនសមាជិកសមាជិការបស់សមាគមឱ្យបានល្អបំផុត៕ អត្ថបទ ៖ ឈឹម ទីណា



