កាក់មាសសម័យរ៉ូម៉ាំងដ៏កម្រដាក់លក់បានជាង ២លានដុល្លារ
ហ្សឺណែវ ៖ កាក់មាសសម័យរ៉ូម៉ាំងដ៏កម្រ ដែលមានរូបលោក Brutus ជាឃាតកររបស់រដ្ឋបុរសលោក Julius Caesar ត្រូវបានឈ្មួញអឺរ៉ុបទិញយកក្នុងតម្លៃជាង ២លានដុល្លារ បន្ទាប់ពីការដាក់លក់ដេញថ្លៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

លោក Frank Baldacci ប្រធានក្រុមហ៊ុនដេញថ្លៃ Numismatica Genevensis ហៅកាត់ (NGSA) បានឱ្យដឹងថា កាក់មាសសម័យរ៉ូម៉ាំងនេះ ជាបំណែកនៃប្រវត្តិសាស្ត្រកាលពីសម័យរ៉ូម៉ាំង។

កាក់មាសមានទម្ងន់ ៨ក្រាមដ៏កម្រនេះ បានបង្ហាញអំពីសារសំខាន់ជាប្រវត្តិសាស្ត្រទាំងសិល្បៈ និងនយោបាយ។ ហើយការដេញថ្លៃចាប់ផ្តើមពី ៨៥២,០០០ ដុល្លារ។ កាក់នេះមានលក្ខណៈស្រដៀងនឹងកាក់របស់លោក Da Vinci របស់រ៉ូម៉ាំង។

កាសែតបារាំង AFP បានរាយការណ៍ថា Aureus ជារូបិយប័ណ្ណកាក់មាសប្រើក្នុងទីក្រុងរ៉ូមបុរាណនេះ ត្រូវបានចេញដោយលោក Brutus និងមិត្តរបស់លោកមួយឆ្នាំឬពីរឆ្នាំ បន្ទាប់ពីពួកគេបានធ្វើឃាតអ្នកគ្រប់គ្រងរ៉ូម៉ាំង Caesar ក្នុងឆ្នាំ ៤៤មុនគ.ស។
រីឯកម្រងផ្កាឡូរ៉ល គឺជាសញ្ញាយ៉ាងច្បាស់ នៃនរណាម្នាក់ដែលចង់លើកតម្កើងខ្លួនឯងជាអធិរាជ និងថា អក្សរ “IMP” សម្រាប់អធិរាជត្រូវបានឆ្លាក់ជាប់នឹងមុខរបស់លោក Brutus ទោះបីជាលោកមិនបានកាន់តំណែងនោះក៏ដោយ៕
ប្រភព ៖ SCMP ប្រែសម្រួល ៖ ឈឹម ទីណា