នាយឧត្តមសេនីយ៍ ខេង សុមេធ ៖ នគរបាលខេត្តព្រះវិហារ ត្រូវបន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ
(ខេត្តព្រះវិហារ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំរុញស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ឱ្យបានល្អប្រសើរថែមទៀត ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានសម្តែងការកោតសរសើរ ចំពោះលទ្ធផលការងារ និងវឌ្ឍនភាពរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លើកិច្ចប្រតិបត្តិការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការទប់ស្កាត់ការបង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្ត ក្នុងឆ្នាំ២០២៤ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
នៅក្នុងឱការនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានប្រគល់លិខិតសរសើរ និងថវិកាជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ព្រមទាំងប្រគល់ម៉ូតូចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លាំថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផងដែរ ៕
ដោយ ៖ឡុង សំបូរ