សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន
(ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដឹកនាំ ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុក ដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិន ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូនៃប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដើម។
សម្តេចប្រធានរដ្ឋសភា បន្តថា ដំណើរទស្សនកិច្ចពេលនេះ ក៏បានបង្ហាញឱ្យឃើញពី មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន គឺបានបន្តពង្រឹង និងពង្រីកជាប្រចាំ ។
សម្តេចប្រធានរដ្ឋសភានិងលោកជំទាវ ចាង តុងម៉ី បានផ្លាស់ប្តូរគ្នាដោយបើកចំហ លើប្រធានបទនៃការលើកកម្ពស់សិទ្ធិស្រ្តី ដែលកម្ពុជានិងចិនបានផ្តល់អាទិភាពខ្ពស់ដូចគ្នា។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តវេនមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ហើយពិភពលោកកាន់តែស្រស់បំព្រងបើស្រ្តីបានចូលរួមកាន់តួនាទីកាន់តែច្រើននោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភានីតិកាលទី៧ នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន ហើយច្បាប់ដែលបានអនុម័តមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើយេនឌ័រ ដោយបានបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ។ រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ ការពង្រឹងសមត្ថភាព និងការផ្តល់អំណាចដល់ស្រ្តីក្នុងការចូលរួម តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី (Women Caucus) ជាដើម។
លោកជំទាវ ចាង តុងម៉ី បញ្ជាក់ថា សម្តេចប្រធានរដ្ឋសភាជាស្រ្តីថ្នាក់ដឹកនាំគំរូមួយរូប ដែលមានចំណុចជាច្រើនត្រូវសិក្សារៀនសូត្រនិងដកស្រង់បទពិសោធ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះឆន្ទៈដ៏មោះមុតរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ដែលមានតំាងពីយូរលុងណាស់មកហើយនោះ ឱ្យកាន់តែរីកចម្រើននិងរឹងមាំឡើងថែមទៀត។
លោកជំទាវ ប្រធានគណៈប្រតិភូបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា បេសកកម្មរបស់គណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន មកកម្ពុជានាពេលនេះ ឆ្លើយតបតាមការអញ្ជើញរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់លើការងារស្រ្តីរវាងប្រទេសទំាងពីរ និងជាការផ្តើមអនុវត្តគម្រោងដ៏សំខាន់មួយ ក្នុងការបណ្តុះបណ្តាលសហគ្រិនស្រ្តីនៅកម្ពុជា ដែលជាគម្រោងមួយរបស់សហព័ន្ធ បានជ្រើសរើសកម្ពុជាដើម្បីអនុវត្តដំបូងគេក្នុងក្របខណ្ឌនៅក្រៅប្រទេស។
សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ជាស្ថាប័នធំមួយរបស់ប្រទេសចិន មានបេសកកម្មសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិស្រ្តី ការបណ្តុះបណ្តាលជំនាញដល់ស្រ្តីនិងកុមារី ព្រមទំាងជួយរកការងារជូនស្រ្តីផងដែរ។ សហព័ន្ធស្រ្តីទូទាំងប្រទេសចិន បានបង្កើតនៅឆ្នាំ១៩៤៩ ដែលបានធ្វើការងារជិតស្និទ្ធជាមួយបក្ស និង រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះបេសកកម្មដ៏សំខាន់របស់សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តី លើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការពង្រឹងភាពអង់អាចជូនស្រ្តីនិងកុមារី។ សម្តេចបានគូសបញ្ជាក់ថាបេសកកម្មរបស់សហព័ន្ធស្របនឹងអ្វីដែលបានអនុវត្តនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាស្រ្តីដែលមានចំនួនជាងពាក់កណ្តាលនៃពលរដ្ឋលើសកលលោកនោះ ជាធនធានដ៏សំខាន់ដែលមិនអាចមើលរំលង ឡើយ។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការផ្តល់អំណាចជូនស្រ្តីគឺជាការផ្តល់ឱកាស ជូនស្រ្តីក្នុងការទទួលបានការសិក្សា ការបណ្តុះបណ្តាល ព្រមទំាងទទួលបានឱកាសនៅក្នុងការបំពេញការងារ។ ស្រ្តីបានចូលរួមទំាងក្នុងកាលៈទេសៈរំដោះប្រទេសជាតិ ចូលរួមកសាងស្តារអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ច នយោបាយ ការទូត ការដោះស្រាយជម្លោះ និងហិង្សានានា។ និយាយជារួមវត្តមានស្រ្តីមានសារៈសំខាន់ណាស់ដើម្បីកសាងវិបុលភាពជូនគ្រួសារ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ