សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូត ជាយូរលង់ណាស់មកហើយ ដែលឆ្នាំនេះគឺជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។ ទន្ទឹមនឹងនោះ សមាគមនារី ក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគ្រប់ការងារសង្គម ការងារមនុស្សធម៌ជាដើម។
ជាការឆ្លើយតប លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភា ដែលបានទទួលគណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត ចំពោះគណៈប្រតិភូសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ។
លោកជំទាវ ក៏បានថ្លែងកោតសសើរ ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ របស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញនិងការលើកស្ទួយដល់ស្រ្តី ទៅតាមតួនាទីភារកិច្ចរបស់សមាគមនារី។
លោកជំទាវ ជាង ដុងម៉ី បន្ថែមថា ចំណែកក្នុងឆ្នាំនេះផងដែរ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន ក៏មានគម្រោងមួយ ដែលលោកជំទាវប្រធានប្រតិភូក៏បានលើកឡើងថា សហព័ន្ធនារីទូទាំងប្រទេសចិន ក៏បានបង្កើតគម្រោងអភិវឌ្ឍមួយ ជាមូលនិធិកុមារ និងស្ត្រីជំទង់ ដែលគម្រោងនេះបានធ្វើការពិភាក្សាគ្នាជាច្រើន ដោយបានសម្រេចកាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយផ្តោតលើការបណ្តុះបណ្តាលឌីជីថលលើកុមារ និងក្មេងស្រី។ គម្រោងនេះ នឹងផ្តោតសកម្មភាពការងារបន្ថែមទៀត រវាងសមាគមនារី និងក្រសួងកិច្ចការនារី ដើម្បីជម្រុញ និងបណ្តុះបណ្តាលជំនាញដល់ស្រ្តី ក៏ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងចិន-កម្ពុជាកាន់តែមានភាពជិតស្និតឈានឡើងថែមមួយកម្រិតទៀត។
គួររំលឹកផងដែរថា អំពីសហព័ន្ធស្ត្រីទូទាំងប្រទេសចិន គឺជាអង្គការរបស់ប្រជាជននៃស្ត្រី នៃគ្រប់ក្រុមជនជាតិភាគតិច និងពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសចិន រួបរួមគ្នាសម្រាប់ការរំដោះខ្លួន និងការអភិវឌ្ឍន៍បន្ថែមទៀត ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន អនុវត្តភារកិច្ចចម្បង ដើម្បីតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី ក៏ដូចជាលើកកម្ពស់សមត្ថភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី៕
ដោយ ៖ ថេត វិចិត្រ