លោក ត្រាំ អញ្ជើញប្រធានាធិបតីចិនចូលរួមពិធីស្បថឡើងកាន់តំណែង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន លោក Xi Jinping ឱ្យចូលរួមក្នុងពិធីស្បថឡើងកាន់តំណែងរបស់លោកនៅខែក្រោយ។ នេះបើតាមការចេញដោយសារព័ត៌មាន CBS News។

ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា លោកមានភាពចុះសម្រុងគ្នាយ៉ាងល្អជាមួយលោក Xi ។

លោក Trump បន្ថែមថា លោកនឹងដាក់ពន្ធបន្ថែម ១០% លើទំនិញរបស់ចិន លុះត្រាតែទីក្រុងប៉េកាំងធ្វើអ្វីៗបន្ថែមទៀត ដើម្បីបញ្ឈប់ការជួញដូរសារធាតុហ្វង់តានីល ជាសារធាតុញៀនខ្លាំង ហើយលោកក៏បានគំរាមយកពន្ធលើសពី ៦០% លើទំនិញរបស់ចិនផងដែរ។

កាលពីចុងខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានព្រមានលោក Trump ថា ការសន្យារបស់លោក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិនជុំវិញលំហូរនៃសារធាតុហ្វង់តានីល អាចអូសទាញប្រទេសទាំងពីរ ធ្លាក់ចូលទៅក្នុងសង្រ្គាមពន្ធ ដែលបំផ្លាញគ្នាទៅវិញទៅមក។

ទោះបីជាយ៉ាងណា លោក Trump បានតែងតាំងអ្នកប្រកាន់ជំហរតឹងរឹងចំពោះប្រទេសចិនជាច្រើនរូប ឲ្យកាន់តំណែងសំខាន់ៗក្នុងរដ្ឋបាលរបស់លោកនៅពេលខាងមុខ រួមទាំងសមាជិកព្រឹទ្ធសភា លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស៕

ប្រភព ៖ CBS News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner