រដ្ឋមន្រីក្រសួងកសិកម្ម លើកទឹកចិត្ត និងជំរុញការងារសហគមន៍ព្រៃឈើទំនើប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ

(ភ្នំពេញ)៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានលើកទឹកចិត្តដល់អង្គប្រជុំបន្តជំរុញការងារសហគមន៍ព្រៃឈើទំនើប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ និងមានចំនូលពីផលព្រៃឈើ និងកសិ-រុក្ខកម្ម ការផ្សាភ្ជាប់ការអភិរក្សនិងការអភិវឌ្ឍនូវធនធានព្រៃឈើនិងសត្វព្រៃ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈើ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ដែលរដ្ឋបាលព្រៃឈើត្រូវស្វែងយល់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ និងគិតគូរស្របតាមគោលនយោបាយ មានតម្លៃបន្ថែមខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈើ និងសត្វព្រៃ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលើប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា ផែនការសមិទ្ធកម្ម និងសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុកដែលជាពិសោធន៍ពីឆ្នាំចាស់ សម្រាប់ឆ្នាំថ្មីខាងមុខនេះប្រកបដោយប្រសិទ្ធភាព និងមានមូលដ្ឋានច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារវិស័យព្រៃឈើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំដល់រដ្ឋបាលព្រៃឈើត្រូវពង្រឹងការងារឱ្យកាន់តែប្រសើរថែមទៀត មានភាពច្បាស់លាស់ ធ្វើការតាមរយៈខ្សែបណ្តោយសហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត អនុវត្តការងារឱ្យមានភាពសកម្ម និងចំគោលដៅ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner