ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល និង សូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន

(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល និងសូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលនៅ ក្នុង១ខែវិច្ឆិកាឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងរហូតដល់ ១០លើក។

ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឆាយ វីរៈអភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ បានយ៉ាងល្អប្រសើរ បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ចូលរួម ដើរលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ប្រមាណ ជាង ៦លាននាក់ ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្តែងពីការកោតសរសើរកងកម្លាំងមានសមត្ថកិច្ចផងដែរ ដែលបានខិតខំបំពេញភារកិច្ចរហូតធ្វើអោយបទល្មើសក្នុងខែវិច្ឆិកានេះបានថយចុះ ។ ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង រហូត ១០ករណី ដូច្នេះស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើនពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងសូមជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល ។

ចំពោះការសំណូមពរខាងលើនេះ ឯកឧត្ដម ឆាយ វីរៈ ក៏ដូចជាតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា៖ នៅសង្កាត់ស្នោ កាលពីឆ្នាំ២០២២ ឫ២០២៣ គឺពិតជាមានការខ្វះទឹកស្អាតប្រើប្រាស់ ប៉ុន្តែឆ្នាំនេះអាចនៅខ្វះតិចតួចទេ។យើងអាចដោះស្រាយបានល្អលើការផ្គត់ផ្គង់ទឹកស្អាតនេះ ដោយនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤នេះ យើងនឹងសម្ពោធអនុស្ថានីយផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៦០០០មែត្រគូបក្នុង១ថ្ងៃ ជាមួយនឹងការតភ្ជាប់បំពង់មេធំបានសម្រេចមុនផែនការ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៥។

ឯកឧត្ដម ឆាយ វីរៈ បានបន្តថា៖ ការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច ជាការជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តបំពេញការងារជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកាន់តែល្អថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner