សក្ដានុពលទេសចរណ៍នៅខេត្តព្រះសីហនុ កាន់តែត្រូវបានពង្រីកភាពទាក់ទាញ តាមរយៈការបង្កើតផលិតទេសចរណ៍ជាច្រើននៅតំបន់ឆ្នេរមាសឆ្នេរប្រាក់

(ព្រះសីហនុ)៖ លោក Fu Xian Ting អគ្គនាយក ក្រុមហ៊ុនក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី បានឱ្យដឹងថា ការវិនិយោគអភិវឌ្ឍនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ គឺស្របទៅតាមគោលគំនិតផ្សារភ្ជាប់ជាមួយគោលដៅទេសចរណ៍នៅសៀមរាប-អង្គរ ដោយលោកហៅគោលគំនិតនោះថា «ទៅភាគខាងជើងទទួលបទពិសោធន៍ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៅប្រាសាទអង្គរវត្ត ចុះមកភាគខាងត្បូងសម្រាកលម្ហែនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់»។ គំនិតសេដ្ឋកិច្ចនេះ គឺបានផ្លាស់ប្តូរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដែលអាចចំណាយពេល១-៣ថ្ងៃ នៅប្រាសាទអង្គរវត្ត និងចំណាយពេល៧-១៥ថ្ងៃ នៅឆ្នេរមាសឆ្នេរប្រាក់ ។

លោកអគ្គនាយក Fu Xian Ting បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការ សមិទ្ធផលថ្មីៗ របស់ក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី រួមមាន៖ ខ្លោងទ្វារដ៏ធំស្កឹមស្កៃ ផ្លូវថ្នល់និងផ្លូវក្រាលកៅស៊ូដែលមានប្រវែងសរុបជាង ១៣០គីឡូម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។

លោកអគ្គនាយក Fu Xian Ting បានបង្ហាញពីការខិតខំបន្ថែមថា ក្រុមហ៊ុនលោកបានខិតខំសាងសង់កែលម្អហេដ្ឋារចនាសម្ពន្ធតំបន់ឆ្នេរមាសឆ្នេរប្រាក់ បានតខ្សែបណ្តាញតង់ស្យុងខ្ពស់សម្រាប់ទីក្រុងបានគ្របដណ្តប់តំបន់ទាំងមូល បានអូសខ្សែកាបបាតសមុទ្រនិងខ្សែកាបអុបទិកពីតំបន់ឆ្នេរប្រាក់ (ដីគោក) ទៅតំបន់ឆ្នេរមាស (កោះថ្មី) បានសាងសង់កំពង់ផែចំនួន២ ដែលមានមុខងារដឹកភ្ញៀវទេសចរនិងទំនិញ បានតបណ្តាញទូរគមនាគមន៍ត្រូវបានគ្របដណ្តប់តំបន់ទាំងមូល បានតបណ្ដាញផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅក្នុងតំបន់ជាដើម។

បើតាមលោក Fu Xian Ting ការសាងសង់និងអភិវឌ្ឍនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ ក៏បានចូលរួមបង្កើនឱកាសការងារសម្រាប់ប្រជាជនមូលដ្ឋាន និងបង្កើនចំណូលពន្ធសម្រាប់រដ្ឋាភិបាល។ លោកថា ដោយសារទីតាំងស្ថិតនៅជិតប្រទេសចិន ក៏បានផ្តល់ជារមណីយដ្ឋានថែទាំសុខភាពដ៏ពិសេសមានតែមួយគ្មានពីរ សម្រាប់មនុស្សចាស់មកពីប្រទេសចិនផងដែរ។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៉ីណេត បានបង្ហាញនូវការអបអរសាទរដែលក្រុមហ៊ុន យិះចៀ សម្រេចបាននូវសមិទ្ធផលទាំងនេះ ពិសេសគឺបានចូលរួមលើកស្ទួយវិស័យហេដ្ឋារចនាសម្ពន្ធក្នុងខេត្ត ពង្រីកសក្ដានុពលទេសចរណ៍កាន់តែមានភាពទាក់ទាញ បង្កើនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិឱ្យមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន ដែលនាំទៅដល់ការបង្កើនឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋដែលបម្រើការក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរចំពោះកិច្ចខិតខំរបស់ក្រុមហ៊ុន យិះចៀ ចំពោះការខិតខំអភិវឌ្ឍកែលម្អប្រកបដោយភាពទាក់ទាញនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអាជ្ញាធរខេត្ត និងអនុគ្រោះដល់ក្រុមហ៊ុនវិនិយោគ យិះចៀ ឱ្យទទួលសិទ្ធិវិនិយោគអភិវឌ្ឍប្រែក្លាយតំបន់ព្រៃស្រោងដែលគ្មានផ្លូវសម្រាប់ធ្វើដំណើរ មកជាមណ្ឌលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ស្អាត និងបៃតង អាចទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកទឹកចិត្តដល់ក្រុមហ៊ុន យិះចៀ សូមបន្តគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយភាពបៃតង និងបើកឱកាសឱ្យប្រជាពលរដ្ឋដែលមានជំនាញក្នុងវិស័យទេសចរណ៍បានបម្រើការងារឱ្យកាន់តែច្រើន ពិសេសសូមបង្កើនការផ្សព្វផ្សាយពីភាពទាក់ទាញនៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ ក៏ដូចជាគោលដៅទេសចរណ៍ផ្សេងទៀតរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិនានា ដើម្បីជំរុញចលនាភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែមានកំណើន ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ និងងីម ឆៃហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner