សហគ្រិនឆ្នើមមកពីចិនចុះសិក្សាពីសក្តានុពលកម្ពុជា ដើម្បីស្វែងរកឱកាសបោះទុនវិនិយោគ
ភ្នំពេញ ៖ អ្នកតំណាងសហគ្រិនឆ្នើមៗមកពីប្រទេសចិន ដែលដឹកនាំដោយលោក Cui Jianhua ប្រធានសភាពាណិជ្ជករទីក្រុង Ru gao នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានចុះបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងគោលបំណងស្វែងយល់ពីសក្តានុពល និងឱកាសបោះទុនវិនិយោគ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគចិន អ្នកឧកញ៉ា លីម ហួរនីតូ (Neak Oknha lim hour Nito) បានមានប្រសាសន៍ថា កម្ពុជា និងចិនមានគោលនយោបាយផ្សេងៗគ្នា តែអ្នកឧកញ៉ាសង្ឃឹមថា គ្រប់គ្នាអាចទទួលបានដៃគូសហការល្អៗ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីគោលនយោបាយវិនិយោគជាក់ស្តែង ដើម្បីស្វែងរកវិស័យដែលពួកគេចង់វិនិយោគនៅកម្ពុជា។ មានឱកាសវិនិយោគជាច្រើននៅកម្ពុជាបន្ទាប់ពីជំងឺកូវីដ១៩ មានដូចជាវិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន និងការអភិវឌ្ឍន៍កសិកម្មជាដើម។ អ្នកឧកញ៉ាសង្ឃឹមថា យើងម្នាក់ៗអាចរក្សារទំនាក់ទំនងបាន កាន់តែច្រើននាពេលអនាគត ហើយយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយអ្នកគ្រប់គ្នា និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជាមួយគ្នា។
លោក lizhen ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិនបានលើកឡើងថា សមាគមរបស់លោកបានប្តេជ្ញាចិត្តជាចម្បង ចំពោះកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកវប្បធម៌ ទេសចរណ៍ និងការវិនិយោគរវាងប្រជាជនចិន និងកម្ពុជា។ ពួកយើងសង្ឃឹមថា តាមរយៈសមាគមយុវជនឌីជីថលកម្ពុជា-ចិន នឹងជួយជំរុញឱ្យអ្នកវិនិយោគកាន់តែច្រើនចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយ អ្នកគ្រប់គ្នាមកវិនិយោគ ដោយផ្អែកលើធនធាន និងបទពិសោធន៍ដែល យើងបានប្រមូលផ្ដុំក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។
លោក Cui Jianhua ប្រធានសភាពាណិជ្ជករទីក្រុង Ru gao បានបញ្ជាក់ថា ទស្សនកិច្ចលើកនេះ ពិតជាពោរពេញទៅដោយឱកាសនៃការវិនិយោគ ហើយយើងមានទំនុកចិត្តយ៉ាងខ្លាំងថា យើងនឹងអាចវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ខ្ញុំបានធ្វើការក្នុងវិស័យការផ្គត់ផ្គង់បន្ទះដែករថយន្ត និងបន្ទះអាលុយមីញ៉ូម បន្ទាប់ពីការទស្សនកិច្ចលើកនេះ ខ្ញុំចង់វិនិយោគលើរោងចក្ររថយន្តថាមពលថ្មីមួយនៅកម្ពុជា ដូចជាក្រុមហ៊ុន Ideal, BYD, Xiaomi Automobile និងម៉ាកផ្សេងៗទៀត។
លោកក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនដែលអមដំណើរមកទស្សនកិច្ចក្នុងប្រទេសកម្ពុជាជាច្រើន រួមទាំងក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជាង៣០ឆ្នាំ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនដាំដុះកសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុនផ្នែកលក់ ក្រុមហ៊ុនក្នុងវិស័យអប់រំរបស់រដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញព័ត៌មាន ការសាងសង់ផ្នែកការពារជាតិ និងឧស្សាហកម្មបៃតង និងក្រុមហ៊ុនផ្នែកអចលនវត្ថុ និងអ្នកតំណាងអាជីវកម្មឆ្នើមផ្សេងទៀត ដោយពួកគេម្នាក់ៗបានបញ្ចេញមតិ និងមានទំនុកចិត្តជាខ្លាំងក្នុងការវិនិយោគនៅកម្ពុជា៕
អត្ថបទ ៖ ឈឹម ទីណា