កូកា-កូឡាកម្ពុជាទទួលបានពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា២០២៤
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ដែលជាបុត្រសម្ព័ន្ធរបស់ ស្វាយអឺ កូកា-កូឡា លីមីធីត មានមោទនភាពទទួលបានពានមាស ពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា២០២៤។ នេះគឺជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ដែលឆ្លងកាត់ការវាយតម្លៃដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡាកម្ពុជា លោក ចូសេប ហូ បាននិយាយថា យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលបានទទួលពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាសារជាថ្មីក្នុងឆ្នាំនេះ។ នេះគឺជាការទទួលស្គាល់ដល់លទ្ធផលជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងម្នាក់ៗ។ យើងនឹងបន្តប្តេជ្ញាជំរុញការប្រតិបត្តិប្រកបដោយចីរភាព ក្នុងន័យកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងការពារសហគមន៍ ដែលជាផ្ទះរបស់យើង។”
កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា2024 ទទួលស្គាល់ដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយ ដែលស្ដែងចេញនូវឆន្ទៈគាំពារបរិស្ថាន និងចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមធ្យោបាយថ្មីៗ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាន។ ក្រុមហ៊ុនសហគ្រាសជ័យលាភី បានឆ្លងកាត់ការវិនិច្ឆ័យលើការថែទាំទឹក ការគ្រប់គ្រងសំណល់ ប្រសិទ្ធភាពថាមពល និងសកម្មភាពអាកាសធាតុ។
ស្នាដៃទាំងនេះអាចសម្រេចទៅបាន ក្រោមការចង្អុលបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពឆ្នាំ2030 «ជម្រើសយើង អនាគតយើង» របស់ក្រុមហ៊ុនមេរបស់ខ្លួនគឺ ស្វាយអឺ កូកា-កូឡា។ យុទ្ធសាស្ត្រនេះ គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវដល់ក្រុមហ៊ុន ដើម្បីធ្វើការសម្រេចចិត្តថ្ងៃនេះដោយផ្អែកលើព័ត៌មានដែលមាន សំដៅសម្រេចឲ្យបាននូវអនាគតមួយដែលប្រកបដោយចីរភាព។ ក្រុមហ៊ុនយកចិត្តទុកដាក់ទៅលើការផ្ដល់គុណតម្លៃដល់អ្នកញុំា អតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជាគិតគូរជាអាទិភាពទៅលើសុខុមាលភាពបុគ្គលិកនិងសហគមន៍ដែលក្រុមហ៊ុនប្រកបអាជីវកម្មផងដែរ។
កាលពីដើមឆ្នាំ2024 កូកា-កូឡាកម្ពុជា ក៏បានទទួលពានរង្វាន់ក្រុមហ៊ុនឆ្នើមលំដាប់អន្តរជាតិក្នុងតំបន់អាស៊ាន និងប៉ាស៊ីហ្វិកខាងត្បូង លើផ្នែកបច្ចេកវិទ្យា ការច្នៃប្រឌិត និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឆ្នាំ2023។ នេះគឺជាពានរង្វាន់ថ្នាក់តំបន់ របស់ក្រុមហ៊ុន The Coca-Cola Company ដែលទទួលស្គាល់ដល់បេក្ខភាពដែលសម្រេចបានលទ្ធផលឆ្នើមលើផ្នែកគុណភាព សុវត្ថិភាព ចីរភាព និងការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពេញមួយឆ្នាំនៃឆ្នាំ2023។ ការប្រកួតនេះ មានការចូលរួមពីបណ្តាក្រុមហ៊ុនផលិតចែកចាយកូកា-កូឡា ទាំង15ទីផ្សារក្នុងតំបន់អាស៊ាន និងប៉ាស៊ីហ្វិកខាងត្បូង។ ស្នាដៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ដែលជាដៃគូផលិតនិងចែកចាយផលិតផលឈានមុខមួយ នៃក្រុមហ៊ុនកូកា-កូឡាសកល៕ អត្ថបទ ៖ ឈឹម ទីណា