កូរ៉េខាងជើងជាប់ឈ្មោះក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់សហរដ្ឋអាមេរិកនៅតែរក្សា
ព្យុងយ៉ាង ៖ កូរ៉េខាងជើងនៅតែស្ថិតក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម បន្ទាប់ពីប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះ ទទួលរងនូវការចោទប្រកាន់ថា បានគាំទ្រសកម្មភាពភេរវកម្មអន្តរជាតិ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានដកស្រង់ចេញផ្សាយសារព័ត៌មាន Korea Times។
កូរ៉េខាងជើងបានជាប់ឈ្មោះក្នុងបញ្ជីនេះជាលើកដំបូង ក្នុងនាមជាអ្នកឧបត្ថម្ភរដ្ឋភេរវកម្មក្នុងឆ្នាំ១៩៨៨ សម្រាប់ការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារគ្រាប់បែកក្នុងឆ្នាំ១៩៨៧ ទៅលើជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ប៉ុន្តែកូរ៉េខាងជើងត្រូវបានលុបចេញពីបញ្ជីនេះវិញ នៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការត្រួតពិនិត្យផ្នែកច្បាប់។
ប៉ុន្តែកូរ៉េខាងជើងត្រូវបានដាក់ចូលក្នុងបញ្ជីវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានកំណត់ថា កូរ៉េខាងជើងបានគាំទ្រជាថ្មីទៀតចំពោះអំពើភេរវកម្មអន្តរជាតិក្នុងរយៈពេល ៩ឆ្នាំ ចាប់តាំងពីត្រូវបានលុបចេញពីបញ្ជីភេរវកម្ម។
ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ស្តីពីអំពើភេរវកម្ម ដើម្បីបម្រើជាការណែនាំសម្រាប់ការសម្រេចចិត្តគោលនយោបាយ ស្តីពីការប្រឆាំងភេរវកម្ម។ ឯកសារនេះ មានបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្ម ដែលរួមមានប្រទេសគុយបា អ៊ីរ៉ង់ និងស៊ីរី។ រីឯកូរ៉េខាងជើងនៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧៕
ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា