Apple ដាក់បញ្ចូល ChatGPT ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយរបស់ទូរស័ព្ទ iPhone
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Apple ថ្មីៗនេះបានដាក់បញ្ចូលមុខងារ ChatGPT របស់ក្រុមហ៊ុន OpenAI ទៅក្នុងកម្មវិធីដើមរបស់ខ្លួន ដែលនេះជាការត្រួសត្រាយផ្លូវជួយដល់ការលក់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ការដាក់បញ្ចូល ChatGPT របស់ Apple គឺជាផ្នែកមួយជួយដល់ដំណើរការប្រើប្រាស់កាន់តែទូលំទូលាយ នៃឧបករណ៍បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើបច្ចុប្បន្នភាពវើសិនចុងក្រោយ នៃប្រព័ន្ធប្រតិបត្តិការនៅក្នុងទូរស័ព្ទដៃ iPhone, iPads និងកុំព្យូទ័រ Mac របស់ Apple។
Apple បានសហការជាមួយ OpenAI ដើម្បីរួមបញ្ចូល ChatGPT ទៅក្នុងឧបករណ៍សរសេររបស់ខ្លួន និង Siri ជាមុខងារជំនួយការនិម្មិត ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ឬ iPad ស៊េរីចុងក្រោយបង្អស់ អាចចូលប្រើមុខងារ AI chatbot ដោយមិនចាំបាច់ចាកចេញពីប្រព័ន្ធអេកូឡូស៊ីរបស់ Apple។
ការចាប់ដៃគ្នារវាង Apple និង ChatGPT កាលខែមិថុនា គឺជាការជំរុញដ៏សំខាន់បំផុតរបស់ Apple ទៅលើបច្ចេកវិទ្យា AI ពីព្រោះ Apple មានគោលបំណងប្រកួតប្រជែងជាមួយគូប្រជែង Google និង Samsung ដែលបានរួមបញ្ចូលមុខងារ AI ស្រដៀងគ្នារួចទៅហើយទៅក្នុងឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ពួកគេ។
ចាប់តាំងពី OpenAI បានបើកដំណើរការ ChatGPT កាលឆ្នាំ ២០២២។ លក្ខណៈពិសេសរបស់ ChatGPT ដែលស្ថិតនៅក្រោមប្រព័ន្ធ “Apple Intelligence” របស់ទូរស័ព្ទ iPhone រួមបញ្ចូលនូវឧបករណ៍កែរូបភាពដែលដំណើរការដោយ AI មានឈ្មោះថា Image Playground និងមុខងារបង្កើត emoji មានឈ្មោះថា Genmoji។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple កំពុងធ្វើការបង្វែរខ្សែសង្វាក់ផលិតកម្មភាគច្រើនរបស់ខ្លួនចេញពីប្រទេសចិន ហើយក្រុមហ៊ុននេះបានងាកទៅពឹងផ្អែកលើទីផ្សារប្រទេសឥណ្ឌាជំនួសវិញ ដោយសារតែភាពតានតឹងផ្នែកនយោបាយ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ Apple បានបង្កើនការនាំចេញនៅក្នុងប្រទេសឥណ្ឌារហូតដល់ទៅ ៦ពាន់លានដុល្លារឯណោះក្នុងរយៈពេល ៦ខែ ដែលជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ GSMArena៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា