បាក់ធ្មេញកំណើតលែងជាបញ្ហា អ្នកវិទ្យាសាស្រ្តជប៉ុនជិតជោគជ័យផលិតថ្នាំបណ្តុះធ្មេញឡើងវិញ

តូក្យូ ៖ មនុស្សដែលកំពុងនឹកធ្មេញចាស់របស់ពួកគេ ឥឡូវនេះធ្មេញដែលបាក់នោះទំនងជាអាចដុះថ្មីឡើងវិញបាន ខណៈពេលដែលទន្តបណ្ឌិតជនជាតិជប៉ុនកំពុងសាកល្បងថ្នាំបណ្តុះធ្មេញថ្មី ដោយសង្ឃឹមថា នឹងផ្តល់ជម្រើសជំនួសការដក និងដាក់ធ្មេញសិប្បនិម្មិតដែលមានតម្លៃថ្លៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន channel news asia។

លោក Katsu Takahashi អ្នកជំនាញមាត់ធ្មេញនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano Hospital ក្នុងទីក្រុង Osaka បាននិយាយថា ក្រុមការងាររបស់គាត់បានធ្វើតេស្តគ្លីនិកមួយនៅឯមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ កាលពីខែតុលា តាមរយៈការសាកល្បងប្រើថ្នាំបណ្តុះធ្មេញឡើងវិញទៅលើមនុស្សពេញវ័យ ដោយពួកគេបាននិយាយថា ថ្នាំនេះមានសក្តានុពលអាចជួយឱ្យធ្មេញចាប់ផ្តើមលូតលាស់ឡើងវិញបាន។

លោក Takahashi ដែលជាអ្នកដឹកនាំការស្រាវជ្រាវថ្នាំបណ្តុះធ្មេញនេះ បានប្រាប់កាសែតបារាំង AFP ថា របកគំឃើញថ្មីនេះ គឺជាការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាថ្មីបំផុតក្នុងពិភពលោក។ ការព្យាបាលសិប្បនិមិ្មតដែលប្រើព្យាបាលធ្មេញខូច ត្រូវបានគេមើញឃើញថា មានតម្លៃថ្លៃ និងអាចឆ្លងរោគ ដូច្នេះការប្រើថ្នាំបណ្តុះធ្មេញកំណើតឡើងវិញ គឺពិតជាមានសារសំខាន់ណាស់។

មូលហេតុដែលអ្នកវិទ្យាសាស្រ្តជប៉ុនបង្កើតថ្នាំបណ្ដុះធ្មេញនេះ គឺមានគោលបំណងជួយមនុស្សដែលអ្នកមានបញ្ហាខ្វះធ្មេញពីកំណើត ឬហៅថា Anodontia ហើយជប៉ុនបានកំណត់គោលដៅសម្រេចវាឱ្យបាន និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ខាងមុខ។

ព័ត៌មាននេះត្រូវបានទទួលការសាទរនៅទូទាំងប្រទេសជប៉ុន ដែលជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើនជាងគេបំផុតទី២ក្នុងពិភពលោក។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថា ច្រើនជាង ៩០ភាគរយនៃប្រជាជនជប៉ុនសរុប មានអាយុ ៧៥ឆ្នាំ ឬលើសនេះ ដែលយ៉ាងហោចណាស់បានបាក់ធ្មេញមួយគ្រាប់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner