ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ បានប្រកាស នឹងធ្វើឡើងចាប់ថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្លឹប មកពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាននិង ក្លឹបអគ្គនាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការគណៈកម្មាការរៀបចំការប្រកួតបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការអនុញ្ញាតពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរ បាលជាតិ និងមន្រ្តីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម បានបន្ថែមថា នេះជាការរៀបចំលើកទី២ ដោយទទួលបានការចូលរួមពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៤ក្លឹប ដែលបានដាក់ពាក្យចូលរួមប្រកួត ។ ឯកឧត្តមថា ពិធីបើកការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ លើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា និងពិធីបិទការប្រកួតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈការប្រកួតទូទៅបានកំណត់យកទីតាំងប្រកួតផ្លូវការនៅវិទ្យាល័យបឹងត្របែក។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មការរៀបចំការប្រកួតបានអំពាវនាដល់ជនរួមជាតិ យុវជន យុវនារីទាំងអស់ចូលរួមលេងកីឡា ទោះបីជាប្រភេទកីឡាណាក៏ដោយ ដើម្បីបង្កើនសុខភាពផ្ទាល់ខ្លួនផង ហើយបើលេងបានពូកែទៅ គឺអាចចេញទៅប្រកួតតំណាងជាតិនៅលើឆាកអន្តរជាតិ ដែលនាំមកនូវកិត្តិយសជាតិ ហើយគេស្គាល់ប្រទេសយើងតាមរយៈកីឡាផងដែរ ដោយនេះគឺជាផ្នែកដ៏មានសារៈសំខាន់ក្នុងការរួមចំណែករបស់យុវជន យុវនារីយើង។
ឯកឧត្តម សរ សិទ្ធិ ក៏បានបំផុសស្មារតីដល់ប្រជាពលរដ្ឋ យុវជន យុវនារីសូមចូលរួមលេងកីឡា ដើម្បីបង្កើនសុខភាព មិត្តភាព សាមគ្គីភាព ដែលកីឡាមានសារៈសំខាន់ណាស់ ហើយយើងនាំគិតពីកីឡា ដោយការលេងកីឡានេះបានជួយសម្រួលគ្រប់យ៉ាងទាំងអស់ ទាំងផ្លូវអារម្មណ៍ កាយសម្បទារ ក្រោយយើងបំពេញកិច្ចការជាច្រើន។
សម្រាប់ការប្រកួតបាល់ទាត់ ពានរង្វាន់ក្រសួងមហាផ្ទៃ រដូវកាលទី២ នាឆ្នាំ២០២៥ ខាងមុខ ឯកឧត្តមប្រធានគណៈកម្មការរៀបចំបានអំពាវនាវដល់អគ្គនាយកដ្ឋាន អង្គភាពនានាក្រោមចំណុះក្រសួងមហាផ្ទៃចូលរួមផ្សព្វផ្សាយឱ្យមន្ត្រីចូលរួមលេងកីឡា ឱ្យយល់ដឹងពីគុណតម្លៃនៃកីឡា ដោយឆ្លៀតពេលលេងកីឡាដើម្បីសុខភាព ព្រោះកីឡានឹងជួយឱ្យពួកគាត់បានមកជួបជុំគ្នាលេងកីឡា ដើម្បីបានស្គាល់គ្នា ក្នុងន័យរិតចំណងសាមគ្គីភាពជាមួយគ្នាពីអង្គភាពមួយទៅអង្គភាពមួយកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
សម្រាប់ការប្រកួតនេះ គណៈកម្មការរៀបចំការប្រកួត នឹងកំណត់យកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំការចាប់ឆ្នោតចែកពូលប្រកួត ដោយមានវត្តមាន ឯកឧត្តមប្រធានក្លឹប តំណាងកីឡាករ ព្រមទាំងវត្តមាន អញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រុមហ៊ុន ចូលរួមសហការឧបត្ថម្ភមួយចំនួន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាពចូលរួមផងដែរ។ ការប្រកួតចែកចេញជា ៤ពូល គឺពូលA,B មាន ៤ក្រុម, ពូល C,D មាន ៣ក្រុម សរុប ២៦ប្រកួត ក្នុង១ប្រកួតមានរយៈពេល ៩០នាទី ដោយប្រកួតជម្រុះក្នុងពូល ជ្រើសរើសយកក្រុមឈ្នះ ២ក្រុមឡើងទៅវគ្គបន្ត។
គួររម្លឹកថា កាលពីការប្រកួតលើកទី១ ឆ្នាំ២០២៤ កន្លងទៅ ក្លឹបអន្តោប្រវេសន៍មានជ័យបានឈ្នះជើងឯកបន្ទាប់ពីបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៣-០៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ