ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន ១៤គ្រឿង ដល់ ក្រសួងសុខាភិបាល ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លង
(ភ្នំពេញ)៖ រថយន្តគិលានសង្គ្រោះចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណង ពីមូលនិធិប្រទេសជប៉ុន សម្រាប់វិបុលភាព និងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ។
ពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះទាំង ១៤គ្រឿងនេះ ធ្វើឡើង នៅទីស្តីការក្រសួង សុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខា ភិបាល និង លោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថាន ទូតជប៉ុន ប្រចាំនៅ កម្ពុជា លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅ កម្ពុជា និង លោក SUZUKI Mudai តំណាងអង្គការ JICA នៅ កម្ពុជា ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃគម្រោង ដែលបានរួមចំណែក ដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព និងភាពធន់ នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀម និងឆ្លើយតបទាន់ពេល ប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរពីការអនុវត្តអាទិភាពផ្តោតលើ ១. ការកែលម្អគុណភាពសេវា ២. ការលើកកម្ពស់សមត្ថភាពផ្តល់សេវាសង្គ្រោះបឋម សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ ៣. ការពង្រីកសេវាជំងឺមិនឆ្លង និង៤. ការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោងនៅមណ្ឌលសុខភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធ ដែលបានសហការ និងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំ និងការអនុវត្តគម្រោងនានា និងបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់មូលនិធិឥតសំណងនៅក្នុងគម្រោងខាងលើ ក៏ដូចជាគម្រោងដ៏ទៃទៀត ដែលបាន និងកំពុងអនុវត្តក្នុងវិស័យសុខាភិបាល នៅក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាលនឹងបន្តលើកកម្ពស់កិច្ចសហការជាមួយ ADB ក្នុងការអនុវត្តគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងហិរញ្ញប្បទានបន្ថែម គម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅកម្ពុជា ដែលកំពុងត្រូវបានកែសម្រួលឱ្យទៅជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម័ន្ធសុខាភិបាល ដែលឆ្លើយតបទៅនឹងសកម្ម ភាពនៃផែនការអាទិភាព ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ