ឯកឧត្តម គង់ ភោគ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ លើកទី១៩ នៃ HLTF-ACV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឧត្តមមន្រ្តីអាស៊ាន និងជាឥស្សរជនជាន់ខ្ពស់ (Eminent Person) នៃក្រុមការងារកម្រិតខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៩ នៃ HLTF-ACV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ។
កិច្ចប្រជុំបានបន្តពិភាក្សា និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សំគាល់ក្នុងការចរចារបញ្ចប់ផែនការយុទ្ធសាស្រ្តសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
ដើម្បីធានាបាននូវភាពស៊ីចង្វាក់គ្នានៃផែនការយុទ្ធសាស្រ្តថ្មីក្នុងសហគមន៍អាស៊ាន ក្រុមការងារ HLTF-ACV បានជួបពិភាក្សាជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan) និងប្រធានបច្ចុប្បន្ន និងប្រធានប្តូរវេននៃគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC) ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពក្នុងដំណើរការតាក់តែងរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។
លើសពីនេះ ក្រុមការងារ HLTF-ACV ក៏បានជួបជាមួយអង្គការយុវជនអាស៊ាន ដើម្បីផ្លាស់ប្តូរ ទស្សនៈអំពីតួនាទីរបស់យុវជនក្នុងការចូលរួមចំណែកកសាងអនាគតរបស់អាស៊ាន ៕
ដោយ សួង ពិសិដ្ឋ