ក្រុមហ៊ុនវៀតណាមនឹងសង់ស្ថានីយសាក EV ១០ម៉ឺនកន្លែងនៅឥណ្ឌូនេស៊ី
បរទេស៖ កាសែត VNexpress បានចុះផ្សាយថា ក្រុមហ៊ុនបណ្តាញស្ថានីយសាកឡានអគ្គិសនីវៀតណាម V-GREEN បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Prime Group បង្កើតស្ថានីយ៍សាកថ្ម VinFast ចំនួន១០ម៉ឺនកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី អំឡុងរយៈពេល៣ឆ្នាំ។
ប្រភពឲ្យដឹងថា ការវិនិយោគសរុប ដែលត្រូវបានព្យាករសម្រាប់គម្រោងនេះ គឺមានរហូតដល់ ១,២ពាន់លានដុល្លារ នេះបើយោងតាមអនុស្សរណៈនៃការយោគយល់ ឬ MoU ដែលត្រូវបានប្រកាស កាលពីថ្ងៃពុធ។ ដំបូងឡើយ ក្រុមហ៊ុន V-GREEN នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ស្ថានីយ៍សាកថ្ម នៅទីក្រុងហ្សាកាតា, ស៊ូរ៉ាបាយ៉ា, កោះបាលី និងតំបន់ជុំវិញ មុនពេលគ្រោងនឹងពង្រីក ទៅកាន់តំបន់ផ្សេងៗទៀត នៃប្រទេសឥណ្ឌូនេស៊ី ក្នុងដំណាក់កាល ជាបន្តបន្ទាប់ទៀត។ ការដំឡើងស្ថានីយ៍សាកថ្មនឹងចាប់ផ្តើម នៅខែមករាឆ្នាំ២០២៥ ដោយរំពឹងថា នឹងដំណើរការ ជាបណ្តើរៗ នៅក្នុងឆ្នាំនេះ។
ប្រធានក្រុមហ៊ុន Prime Group លោក Tamer Wagih Salem បាននិយាយថា សមត្ថភាពប្រតិបត្តិការស្ថានីយសាកឡានអគ្គិសនី ទាំងនេះ នឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកយ៉ាងសំខាន់ ដល់ការរីកលូតលាស់នៃទីផ្សារ EV របស់តំបន់អាស៊ីអាគ្នេយ៍ ផងដែរ។
បើតាមកាសែត VNexpress ក្រុមហ៊ុន V-GREEN ត្រូវបានបង្កើតឡើងដោយលោកមហាសេដ្ឋីវៀតណាម Pham Nhat Vuong ដែលជាស្ថាបនិកក្រុមហ៊ុនផលិតឡានអគ្គិសនី VinFast ដោយលោក Vuong ត្រូវបានគេដឹងថា មានភាគហ៊ុន ៩០%៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត